ប៉ុន្មានម៉ោងប្រកាសកាន់តំណែងអភិបាលខេត្តលោក គួច ចំរើន ចាប់ផ្តើមធ្វើការចុះត្រួតពិនិត្យទីតាំងបើកការដ្ឋានប្រព័ន្ធធារាសាស្រ្ត

បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសចូលកាន់តំណែងអភិបាលខេត្តកណ្តាលជាផ្លូវការនៅថ្ងៃទី១កក្កដានេះ គឺនៅប៉ុន្មានម៉ោងប៉ុណ្ណោះលោក គួច ចំរើន ចុះត្រួតពិនិត្យទីតាំងបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្តដល់ទៅពីរកន្លែង ដែលនឹងត្រៀមបើកនាពេលដ៏ខ្លីខាងមុខ។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទទី១ ខែកក្កដានេះ បានប្រកាសលោក គួច ចំរើន ចូលកាន់មុខតំណែងជា អភិបាលខេត្តកណ្តាល ជំនួសលោក គង់ សោភ័ណ្ឌ ដែលត្រូវទៅចូលកាន់មុខតំណែងថ្មីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ បន្ទាប់ពីចប់ពិធីប្រកាសអភិបាលខេត្ត លោកបានដឹកនាំមន្ត្រីចុះពិនិត្យការដ្ឋានចំនួន២ ទីតាំង ទី១ នៅក្រុងតាខ្មៅ និងទី២ ស្រុកកៀនស្វាយ ដែលជាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត។

បន្ទាប់ពីដឹកនាំមន្ត្រីចុះពិនិត្យមេីលការដ្ឋានសាងសង់ស្ពានដេីមលាភ​ និងព្រែកហូរ ដែលជាប្រព័ន្ធធារាសាស្រ្តរំដោះទឹកកុំឲ្យមានការលិចលង់រាជធានីភ្នំពេញ និងខេត្តភាគខាងត្បូងរាជធានីភ្នំពេញ​ លោក គួច ចំរើន បន្តអមដំណើរលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រួតពិនិត្យទីតាំងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ គម្រោងនេះរដ្ឋាភិបាលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហាខាងមុខ។

ក្នុងពិធីប្រកាសចូលកាន់តំណែង លោក គួច ចំរើន បានប្តេជ្ញាថា នឹងខិតខំយកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំកែលម្អច្រាំងទន្លេ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួន ច្បារ ជាពិសេសការរៀបចំកែលំអរសោភ័ណភាព ទីក្រុង និងទីប្រជុំជន ដើម្បីប្រែក្លាយជាទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ដែល មានគុណភាពបរិស្ថាន និងការរស់នៅប្រកបដោយសុខដុមរមនា៕

អត្ថបទ៖​ សាង តេជៈ រូបភាព៖ រដ្ឋបាលខេត្តកណ្តាល

តាមដានជាមួយយើង៖ Million Times