លែងត្រីមេពូជ និងកូនត្រីចំនួន ១,៥លានក្បាល និងវារីសត្វសរុបជាង ២០ប្រភេទនៅបឹងធំ

ក្នុងឱកាសទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ឆ្នាំ២០២៤ នាព្រឹកថ្ងៃចន្ទនេះមានការលែងត្រីមេពូជ និងកូនត្រីចំនួន ១,៥លានក្បាល និងវារីសត្វសរុបជាង ២០ប្រភេទនៅបឹងធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ពិធីលែងត្រីមេពូជ និងកូនត្រីធ្វើឡើងក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងមន្រ្តីពាក់ព័ន្ធដែលមានត្រីមេពូជ និងកូនត្រី ចំនួន ១,៥លានក្បាល និងវារីសត្វសរុបជាង ២០ប្រភេទ ក្នុងនោះមានដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយ ជាដើម។

បឹងធំគឺជាបឹងធម្មជាតិដែលមានសក្តានុពលគ្របដណ្តប់លើស្រុកចំនួន៣ នៃខេត្តកំពង់ចាម រួមមាន ស្រុកកងមាស ស្រុកព្រៃឈរ និងស្រុកកំពង់សៀម។ ផ្ទៃបឹងមានទំហំប្រមាណ ១២៤៦ហិកតា នៅរដូវប្រាំង និង ៤៣៥៩ហិកតា នៅរដូវវស្សា ដោយទទួលបានរបបទឹកពីទន្លេមេគង្គ តាមបណ្តាព្រែកនានាក្នុងតំបន់។

តាមដានជាមួយយើង៖ Million Times

ក្នុងឱកាសនោះសម្តេច ហ៊ុន ម៉ាណែត ចាត់ទុកកម្ពុជាមានភ័ព្វសំណាងណាស់ ព្រោះសម្បូរត្រីនៅគ្រប់ទីកន្លែង ទីតាំងពីទន្លេ ព្រែក ស្ទឹង បឹងបួរ អាងទឹក រហូតដល់វាលទំនាប និងវាលស្រែទៀតផង ដូចដែលសុភាសិតខ្មែរ ពោលថា «ទីណាមានទឹក ទីនោះមានត្រី»។

សម្តេចបានថ្លែងថា៖ «ត្រី គឺជាប្រភពអាហារដ៏ចម្បងមួយ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ដូច្នេះគ្រប់គ្នា ត្រូវចូលរួមថែរក្សាការពារធនធានជលផលឱ្យបានស្ថិតស្ថេរគង់វង្ស»។

សម្តេចនាយករដ្ឋមន្រ្តីថ្លែងបន្តថា រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលចូលរួម ចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និង ទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី