កម្ពុជា នាំមុខហ្វីលីពីន និងវៀតណាមជាប្រទេសមានកំណើនសេដ្ឋកិច្ចជឿនលឿនបំផុតក្នុងឆ្នាំ២០២៤

កម្ពុជា នាំមុខហ្វីលីពីន និងវៀតណាមជាប្រទេសមានកំណើនសេដ្ឋកិច្ចជឿនលឿនបំផុតក្នុងឆ្នាំ២០២៤

យោងតាមទិន្នន័យបង្ហាញដោយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដកស្រង់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund-IMF) បង្ហាញថា កម្ពុជា នាំមុខប្រទេសព្រុយណេ ហ្វីលីពីន និងវៀតណាមជាប្រទេសមានកំណើនសេដ្ឋកិច្ចជឿនលឿនបំផុតក្នុងឆ្នាំ២០២៤ ខណៈទីក្រុងម៉ាកាវ មានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងពិភពលោក។

នៅក្នុងបញ្ជីប្រទេសមានកំណើនសេដ្ឋកិច្ចជឿនក្នុងពិភពលោកឆ្នាំ២០២៤ បានឲ្យដឹងថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចជឿនលឿនបំផុតក្នុងឆ្នាំ២០២៤ ដោយកំណើននេះស្ថិតក្នុងអត្រា ៦,១%។ សន្ទុះនេះ ឈរនៅខ្ពស់ជាងហ្វីលីពីន និងវៀតណាម ដែលមានកំណើនសេដ្ឋកិច្ចត្រឹម ៥,៩% ដូចគ្នា។ 

តាមដានជាមួយយើង៖ Million Times

បើតាមទិន្នដដែល ទីក្រុងរដ្ឋបាលស្វយ័តពិសេសរបស់ចិន ម៉ាកាវ  ត្រូវបានព្យាករថានឹងមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងពិភពលោក ដោយអត្រាកំណើនមានរហូតដល់ ២៧,២% ខណៈអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមរបស់ពិភពលោកស្ថិតត្រឹម ២,៩% ប៉ុណ្ណោះ។

ធនាគារពិភពលោក World Bank បានព្យាករណ៍ថា កម្ពុជានឹងមានទទួលបានកំណើនសេដ្ឋកិច្ច ៥.៨% នៅឆ្នាំ២០២៤ ពោលលើសឆ្នាំ២០២៣ដែលមានត្រឹម ៥.៤% ប៉ុណ្ណោះ។ Wold Bank បានគូសបញ្ជាក់ថា កម្ពុជាបានភ្ជាប់ខ្លួនយ៉ាងស៊ីជម្រៅទៅនឹងពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទសចិនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការសម្រួលឲ្យមានលំហូរវិនិយោគដោយផ្ទាល់ពីចិនមកកម្ពុជា។

ធនាគារពិភពលោកបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនខ្ពស់រហូតដល់ ៦.១% នៅឆ្នាំ ២០២៥ ដែលទទួលបាន គឺបានពីវិស័យប្រពៃណីដូចជាការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ កសិកម្ម សំណង់ និងវិស័យអចលនទ្រព្យ។

សម្រាប់នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន ម៉ាណែត សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញជាមួយនឹងអត្រាកំណើន ៥.៦% ក្នុងឆ្នាំ២០២៣ និងបានព្យាករណ៍នឹងមានកំណើន ៦.៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រឡប់ទៅរកកំណើនដូចនៅមុនផ្ទុះជំងឺឆ្លងរាតត្បាតកូវីដ១៩ ពោលក្នុងរង្វង់ ៧% នៅឆ្នាំ ២០២៨ខាងមុខ។ 

ដោយឡែក របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ IMF ចេញផ្សាយកាលពីចុងខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាអាចទទួលបានកំណើនកើនឡើង ៦.០% នៅក្នុងឆ្នាំ២០២៤។ តួលេខនេះគឺដូចគ្នាបិះបិទនឹងការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ កើត ឆែ