មហាសេដ្ឋីលំដាប់ទី ២ ថៃចាយលុយ ២៧១ លានដុល្លារ ពង្រីកមជ្ឈមណ្ឌលទិន្នន័យ ចំពេល AI កំពុងអុកឡុក

មហាសេដ្ឋីលំដាប់ទីពីររបស់ប្រទេសថៃលោក Sarath Ratanavadi គ្រោងនឹងពង្រីកការវិនិយោគក្រុមហ៊ុនរបស់លោកចូលទៅក្នុងមជ្ឈមណ្ឌលទិន្នន័យ (Data Centers) ដើម្បីការពារការកើនឡើងបច្ចេកវិទ្យាមបញ្ញាសិប្បនិម្មិត (AI) ។

បើយោងតាមសារព័ត៌មាន ​​Bloomberg បានឲ្យដឹងថា ក្រុមហ៊ុនថាមពល Gulf Energy Development Pcl និងដៃគូរបស់ខ្លួនគ្រោងនឹងបង្កើនសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យទ្វេដងនៅទីក្រុងបាងកក ជាមួយនឹងការវិនិយោគចំនួន ១០ ពាន់លានបាត (២៧១ លានដុល្លារ) ។

លោក Sarath បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងបាងកកថា “បច្ចុប្បន្នយើងកំពុងកំណត់បញ្ហានេះទៅតាមដំណាក់ការ ដោយសារយើងរំពឹងនឹងមានការកើនឡើងនៃតម្រូវការប្រើប្រាស់មជ្ឈមណ្ឌលទិន្នន័យរបស់យើង” ។

តាមដានជាមួយយើង៖ Million Times

មហាសេដ្ឋីរូបនេះបញ្ជាក់ទៀតថា “ការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យា AI និងសេវាកម្ម Cloud Computing នឹងបង្កើនតម្រូវការយ៉ាងខ្លាំងសម្រាប់កម្រិតបញ្ជូនទិន្នន័យទៅកាន់មជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុនយើង” ។

យោងតាមបញ្ជីឈ្មោះមហាសេដ្ឋីរបស់សារព័ត៌មាន Bloomberg បានប៉ាន់ប្រមាណថា លោក Sarath មានទ្រព្យសម្បត្តិ ៩.១ ពាន់លានដុល្លារ និងជាមហាសេដ្ឋីលំដាប់ទី ២ នៅក្នុងប្រទេសថៃ បន្ទាប់ពីមហាសេដ្ឋីអចលនទ្រព្យ Charoen Sirivadhanabhakdi ៕

បកប្រែ ៖ ទីន