ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង ចុះបញ្ជីលក់មូលបត្របំណុលបៃតងរបស់ខ្លួន នៅផ្សារមូលបត្រកម្ពុជា

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង ចុះបញ្ជីលក់មូលបត្របំណុលបៃតងរបស់ខ្លួន នៅផ្សារមូលបត្រកម្ពុជា

មកដល់ពេលនេះ មានក្រុមហ៊ុនចំនួន ២៣ហើយ បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ខណៈក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត (Royal Group Phnom Penh SEZ) របស់អ្នកឧកញ៉ា គិត ម៉េង បានចុះបញ្ជីលក់មូលបត្របំណុលបៃតងរបស់ខ្លួន នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤នេះ។ 

លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានអបអរសារទរក្រុមហ៊ុន Royal Group Phnom Penh SEZ ដែលបានសម្រេចនូវការចុះបញ្ជីសញ្ញាបណ្ណបៃតង បន្ថែមពីការបោះផ្សាយ និងចុះបញ្ជីភាគហ៊ុន ២ដងកាលពីខែឧសភា ឆ្នាំ ២០១៦ និងខែតុលា ឆ្នាំ ២០១៨ កន្លងទៅនេះ។ លោកថា ការបោះផ្សាយ និងចុះបញ្ជីសញ្ញាបណ្ណបៃតងនេះ បានទទួលនូវជំនួយបច្ចេកទេស ការគាំទ្រផ្នែកហិរញ្ញវត្ថុ និង កិច្ចសហការរួមគ្នារវាង និយ័តករមូលបត្រកម្ពុជា, GGGI, UNESCAP, CGIF & GuarantCo ដែលបានសម្រួលដល់ដំណើរការ និង ការចំណាយសម្រាប់ការបោះផ្សាយផងដែរ។

តាមដានជាមួយយើង៖ Million Times

ចំណែកឯលោក ហុង សុហួរ ក៏បានឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៤ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន ២៣ រួមមានក្រុមហ៊ុនចុះបញ្ជីជាភាគហ៊ុនចំនួន ១១ និងក្រុមហ៊ុនចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម ១២ ដោយបានប្រមូលទុនពីផ្សារមូលបត្រសរុបប្រមាណ ៣៨៩លានដុល្លារអាមេរិក ហើយផ្សារមូលបត្រកម្ពុជា រំពឹងថានឹងទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងសញ្ញាបណ្ណសាជីវកម្មជាបន្តបន្ទាប់ទៀត ក្នុងឆ្នាំ ២០២៤ នេះ។

នៅក្នុងពិធីនេះដែរលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា បានលើកឡើងថា វិស័យមូលបត្រ ដែលត្រូវបានចាត់បញ្ចូលទៅក្នុងវិស័យអាទិភាព របស់រាជរដ្ឋាភិបាល បានចូលរួមយ៉ាងសកម្មក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ១. ការធ្វើពិពិធកម្មប្រភពធនធានហិរញ្ញវត្ថុ, ២. ការបង្កើនប្រសិទ្ធភាពមូលធន, ៣. ការលើកកម្ពស់ភាពប្រកួតប្រជែង និង ៤. ការពង្រឹងតម្លាភាព និង អភិបាលកិច្ចសាជីវកម្ម។

លោក ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រការសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងវិស័យមូលបត្រ និងមានជំនឿមុតមាំថា ផ្សារមូលបត្រកម្ពុជានឹងបោះជំហានទៅមុខកាន់តែស្វាហាប់ តាមរយៈការទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីៗជាបន្តបន្ទាប់ ហើយវត្តមានរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Royal Group និងក្រុមហ៊ុនសក្តានុពលមួយចំនួនទៀត បាននិងកំពុងជំរុញការអភិវឌ្ឍទីផ្សារមូលបត្រមួយនេះ ឲ្យកាន់តែបោះជំហានលឿនទៅមុខជាលំដាប់៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម