នាយករដ្ឋមន្រ្តីបានអះអាងថា សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញបណ្តើៗហើយ

នាយករដ្ឋមន្រ្តីបានអះអាងថា សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញបណ្តើៗហើយ

ដោយសារកំណើនសក្ដានុពលរបស់កម្ពុជាកើនឡើងលឿនជាងគេបើធៀបជាមួយប្រទេសក្នុងតំបន់លើការទាក់ទាញលំហូវិនិយោគថ្មីៗ ការណ៍នេះត្រូវបានប្រមុខរាជរដ្ឋាភិបាលអះអាងថា សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញបណ្តើៗហើយ។

ក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាល្ងាចថ្ងៃទី២៧ ខែមិថុនានេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងអះអាងថា មកដល់ពេលនេះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានងើបឡើងវិញបណ្តើៗហើយ ខណៈកំណើនសក្ដានុពលរបស់កម្ពុជាកើនឡើងលឿនជាងគេបើធៀបជាមួយប្រទេសក្នុងតំបន់លើការទាក់ទាញវិនិយោគិនថ្មីមកបណ្ដាក់ទុននៅកម្ពុជា។

គួររំលឹកដែលថា ធនាគារជាតិនៃកម្ពុជា បានព្យាករកាលពីពាក់កណ្តាលខែឧសភាថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤នេះនឹងមានកំណើនក្នុងរង្វង់៦% ជាមួយនឹងកម្រិតអតិផរណាក្នុងរង្វង់ ២%។ តែធនាគារជាតិកម្ពុជាក៏បានបញ្ជាក់ថា ទោះបីកម្ពុជាហាក់មានសេដ្ឋកិច្ចស្ទុះងើបឡើងក៏ដោយក៏សេដ្ឋកិច្ចកម្ពុជានៅតែអាចប្រឈមនឹងហានិភ័យមួយចំនួន។

ធនាគារជាតិនៃកម្ពុជា គូសបញ្ជាក់ថា ការនាំចេញផលិតផលកាត់ដេរនិងមិនកាត់ដេរ វិស័យទេសចរណ៍ វិស័យដឹកជញ្ជូន និងទូរគមនាគមន៍គឺជាវិស័យគ្រឹះដែលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ខណៈវិស័យកសិកម្មហាក់កំពុងកើនឡើងយឺត។ ទន្ទឹមគ្នានេះ ធនាគារជាតិក៏រំពឹងផងដែរពីការអនុវត្តលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ដែលនឹងរួមចំណែកទាក់ទាញលំហូរវិនិយោគ និងការនាំចេញរបស់កម្ពុជាទៅក្នុងតំបន់បន្ថែមទៀត៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី