លោកស្រី ភឿន សកុណា៖ ចំណូលចូលសេដ្ឋកិច្ចជាតិជាង ១៥លានដុល្លារបានមកពីប្រជាជនទិញសំបុត្រចូលទស្សនាភាពយន្ត

ចំណូលចូលសេដ្ឋកិច្ចជាតិប្រមាណជាង ១៥លានដុល្លារពីវិស័យឧស្សាហកម្មភាពយន្តដែលបានមកពីការទិញសំបុត្រចូលទស្សនាភាពយន្តរបស់ប្រជាជនជាង៤លាននាក់ ក្នុងឆ្នាំ២០២៣ ខណៈវិស័យនេះចូលរួមផ្តល់ការងារក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធដល់ប្រជាជនជាង ៧ពាន់កន្លែង។

ក្នុងពិធីបើកម្មវិធីមហោ ស្រពភាពយន្តអន្តរជាតិកម្ពុជា(CIFF) លើកទី១៣ កាលពីថ្ងៃទី២៥ ខែមិថុនា នៅសាលសន្និសីទចតុមុខ លោកស្រី ភឿន សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា នៅឆ្នាំ២០២៣ វិស័យឧស្សាហកម្មភាពយន្តបានផ្តល់ចំណូលដល់សេដ្ឋកិច្ចជាតិប្រមាណជាង១៥លានដុល្លារ ដែលបានមកពីការទិញសំបុត្រចូលទស្សនាភាពយន្តរបស់ប្រជាជនជាង ៤លាននាក់។

តាមដានជាមួយយើង៖ Million Times

លោកស្រីបន្តថា  ​វិស័យឧស្សាហកម្មភាពយន្តដែលមានដូចជា ការផលិតភាពយន្ត ការចែកចាយភាពយន្ត និងរោងភាពយន្ត បានផ្តល់ការងារក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធដល់ប្រជាជន ជាពិសេសយុវជនប្រមាណជាង ៧.០០០កន្លែង។

លោក​ ​ប៉ុក​ ​បូ​រក្ស​ ​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​ ​និង​ផ្សព្វផ្សាយ​វប្បធម៌​​នៃ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ធ្លាប់​បាន​ឱ្យ​ដឹង​ថា  ​ក្នុង​ឆ្នាំ​២​០​២​៣​ ​នៅ​កម្ពុជា​មាន​រោងភាពយន្ត​ចំនួន​២​៥​ ​និង​មាន​បន្ទប់​បញ្ចាំង​ចំនួន​១​១​៤​ ​ស្មើនឹង​ ​១​៨​ ​៩​០​០​កៅអី​។​ ​ក្នុងចំណោម​បន្ទប់​បញ្ចាំង​ទាំង​១​១​៤​ ​មាន​អ្នក​ចាប់អារម្មណ៍​ចូល​ទស្សនា​ភាពយន្ត​នៅ​តាម​រោងភាពយន្ត​មាន​ប្រមាណ​ជាង​ ​៣​លាន​នាក់​។​

លោកលើកឡើងថា ឆ្នាំ២០២៣ ចំនួននៃការផលិតភាពយន្តរបស់ផលិតករក្នុងស្រុកមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយមានចំនួនប្រហាក់ប្រហែលទៅបរិមាណ ផលិតមុនតំណាក់កាលកូវីដ-១៩ គឺមានចន្លោះពី២០ ទៅ ៣០ស្នាដៃក្នុង១ឆ្នាំ ដើម្បីចាក់បញ្ចាំងតាមបណ្តារោងភាពយន្ត។ ជាមួយគ្នានេះការផលិតភាពយន្តភាគសម្រាប់ចាក់បញ្ចាំងតាមស្ថានីយទូរទស្សន៍មានចំនួនប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ គឺប្រមាណជាង ២,០០០ភាគ ឬស្មើនឹងជាង១៤០០ម៉ោង។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការលើកទឹកចិត្តដល់ផលិតករភាពយន្តក្នុងស្រុកតាមរយៈការព្យួរទុកការអនុវត្តកាតព្វកិច្ចពន្ធដារមួយចំនួន ដោយគិតចាប់ពីឆ្នាំ២០១៨ រហូតដល់បំណាច់ឆ្នាំ២០២៣ និងបន្តពីឆ្នាំ២០២៤ រហូតដល់បំណាច់ឆ្នាំ២០២៨ ផងដែរ។ ទាំង នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសារសំខាន់ និងភាពចាំបាច់នៃឧស្សាហកម្មភាពយន្ត ក្នុងការរួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ និងការចូលរួមធ្វើពិពិកម្មសេដ្ឋកិច្ច៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងវប្បធម៌