ថ្ងៃចុងក្រោយកាន់តំណែងអភិបាលខេត្តលោក គង់ សោភ័ណ្ឌ ចុចប៊ូតុងបើកការដ្ឋានសង់អគាររដ្ឋបាលក្រុងអរិយក្សត្រ

អគាររដ្ឋបាល អគារសាលប្រជុំ និងអគារការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល ចាប់ផ្តើមធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ គឺចំថ្ងៃព្រះមហាក្សត្រ ត្រាស់បង្គាប់បញ្ចប់តួនាទីពីអភិបាលខេត្តកណ្តាលរបស់លោក គង់ សោភ័ណ្ឌ ឲ្យមកជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដាក់លោក គួច ចំរើន មកជំនួសដែលផ្លាស់ពីអភិបាលខេត្តព្រះសីហនុ។

លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានឲ្យដឹងថា អគាររដ្ឋបាលក្រុងអរិយក្សត្រ មាន ទំហំ២៨.២០ម៉ែត្រx១៣.២០ម៉ែត្រ កម្ពស់២ជាន់, អគារសាលប្រជុំ ទំហំ ២០.៥០ម៉ែត្រ x ១៩.៤៥ ម៉ែត្រ កម្ពស់១១.៥២ម៉ែត្រ, អគារការិយាល័យច្រកចេញចូលតែមួយ ទំហំ ២០.២០ម៉ែត្រ X១៥.១០ ម៉ែត្រ កំពស់ ៦ ម៉ែត្រ ស្ថិតនៅភូមិទួលមាស សង្កាត់ អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

តាមដានជាមួយយើង៖ Million Times

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគាររដ្ឋបាលនេះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ការបើកការរដ្ឋានសាងសង់អគាររដ្ឋបាល, អគារសាលប្រជុំ និងអគារការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលក្រុងអរិយក្សត្រ នាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតជាមួយ និងសមិទ្ធផលនានាជាច្រើនទៀត ក្នុងវិស័យរដ្ឋបាល សេដ្ឋកិច្ច-សង្គម មានការវិវត្តរីកចម្រើនលើគ្រប់វិស័យ ហើយអគារទាំងនេះ គឺជាគម្រោងអាទិភាពឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលក្រុងដែលជាទីកន្លែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់ផ្នែក គ្រប់ថ្នាក់ បំពេញការងារផ្តល់នូវពុទ្ធិ ផ្តល់សេវា ប្រកបដោយសោភ័ណ្ឌភាព ផាសុកភាព សមធម៌ និងបរិយាប័ន្ន។

ជម្រាបជូនថា ចាប់តាំងពីរដ្ឋាភិបាលសម្រេចបង្កើតក្រុងអរិយក្សត្រដោយកាត់ឃុំមួយចំនួននៅស្រុកខ្សាច់កណ្តាល និងល្វាឯម កាលពីឆ្នាំ២០២២ រដ្ឋបាលក្រុងនេះបានប្រើប្រាស់ទីតាំងបណ្ដោះអាសន្ន ស្ថិតនៅក្នុងបុរីវីឡាទួលសង្កែអរិយក្សត្រ សង្កាត់អរិយក្សត្រ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ រដ្ឋបាលក្រុងអរិយក្សត្រ