ក្រុមហ៊ុនហុងដានៅកម្ពុជា មានរោងចក្រដែលមានសមត្ថភាពផលិតម៉ូតូហុងដាឌ្រីមចំនួន ១,៥០០ គ្រឿងក្នុងមួយវេន (៨ម៉ោង)។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានផលិតម៉ូតូជាង ៤,៣ លានគ្រឿងហើយនៅកម្ពុជាក្នុងរយៈពេលជាង២៥ឆ្នាំ។ នេះបើតាមការដកស្រង់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ នៅថ្ងៃទី២៤ មិថុនា ឆ្នាំ ២០២៤។
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ លោក ហែម វណ្ឌឌី ក្នុងដំណើរទស្សនកិច្ចនៅរោងចក្រផលិតម៉ូតូហុងដា នៅរាជធានីភ្នំពេញ ឲ្យដឹងថា គ្រឿងបង្គុំម៉ូតូហុងដា ឌ្រីម ( Honda Dream) ភាគច្រើនត្រូវបានផលិតក្នុងប្រទេសកម្ពុជា ហើយគ្រឿងបង្គុំមួយចំនួនក៏ត្រូវបាននាំចេញទៅប្រទេសជិតខាងផងដែរ។ នេះជាការលើកមុខមាត់ផលិតផលកម្ពុជានិងបានបង្ហាញពីការរីកចម្រើននៃវិស័យឧស្សាហកម្មក្នុងស្រុក។
ជាមួយគ្នានោះ លោកក៏បានកោតសរសើរក្រុមហ៊ុនចំពោះការខំប្រឹងផលិតក្នុងស្រុកជំនួសឲ្យការនាំចូល និងលើកទឹកចិត្តក្រុមហ៊ុនឲ្យបើកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនដល់សហគ្រាសធុនតូចនិងមធ្យម បានមកសិក្សាស្វែងយល់ពីស្តង់ដារបស់ក្រុមហ៊ុនផងដែរ។ រដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន ហុងដា មានជម្រើសផ្តល់ហិរញ្ញប្បទានដល់ប្រជាជនកម្ពុជាក្នុងការទិញម៉ូតូហុងដាដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ។
ក្រុមហ៊ុន ហុងដា តាមរយៈដៃគូក្នុងស្រុករបស់ខ្លួនគឺ NCX Co., Ltd. បានបង្កើតការងារជាង ២,០០០ កន្លែងហើយក្នុងប្រទេសកម្ពុជា និងមានបណ្តាញចែកចាយដ៏ទូលំទូលាយនៅទូទាំងប្រទេស៕
អត្ថបទ៖ នារតី