កម្ពុជា អាចផលិតម្រេចបានជិត ២ម៉ឺនតោនក្នុងមួយឆ្នាំៗ

កម្ពុជា អាចផលិតម្រេចបានជិត ២ម៉ឺនតោនក្នុងមួយឆ្នាំៗ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានឲ្យដឹងថា ក្នុងមួយឆ្នាំៗ ប្រទេសកម្ពុជា អាចផលិតម្រេចបានជិត ២ម៉ឺនតោន ហើយការផលិតភាគច្រើនចេញពីខេត្តត្បូងឃ្មុំ។ ការឲ្យដឹងនេះ ស្របពេលដែលក្រុមប្រជាកសិករដាំម្រេច នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឯកភាពគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី ២២ ខែមិថុនានេះ បានឲ្យដឹងថា ក្រុមប្រជាកសិករអ្នកដាំម្រេច នៅស្រុកមេមត់​ ខេត្តត្បូងឃ្មុំ ចំនួន ៤០គ្រួសារ មានម្រេចជាង ១០ម៉ឺនជន្លង់ បានស្ម័គ្រចិត្តរួមគ្នា ចង់ចងក្រងជាសហគមន៍កសិកម្មទំនើប។

តាមដានជាមួយយើង៖ Million Times

លោកបន្តថា ប្រសិនបើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) បង្ហាញថា អាចទៅរួច នៅកម្ពុជា នឹងមានសហគមន៍កសិកម្មទំនើបមួយទៀត សម្រាប់ដំណាំម្រេចក្នុងពេលឆាប់ៗនេះ នៅក្នុងខេត្តត្បូងឃ្មុំ។

បើតាមអ្នកនាំពាក្យរូបនេះ កម្ពុជាផលិតម្រេចបានជិត ២ម៉ឺនតោនក្នុងមួយឆ្នាំៗ ដែលភាគច្រើនចេញពីខេត្តត្បូងឃ្មុំនេះតែម្តង។ ប្រសិនបើប្រជាកសិករអ្នកដាំម្រេចនៅក្នុងមួយខេត្តនេះ រួមគ្នាជាសហគមន៍ដ៏ធំមួយ កម្លាំងតែមួយ និងទិសដៅតែមួយ លោក ឃឹម ហ្វីណង់ ជឿជាក់ថា កម្ពុជា នឹងអាចគ្រប់គ្រងដំណាំដ៏មានសក្តានុពលនេះ ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច។

ម្យ៉ាងទៀត កម្ពុជា ក៏អាចគ្រប់គ្រងបានទាំងថ្លៃ និងទីផ្សារ និងអាចកែច្នៃហើយចាំនាំចេញពីកម្ពុជាដោយខ្លួនឯងប្រកបដោយភាពប្រកួតប្រជែង ដោយមិនចាំបាច់ពឹងផ្អែកលើប្រទេសដទៃឡើយ៕

អត្ថបទ៖ វីរៈ រូបភាព៖ លោក ឃឹម ហ្វីណង់