ធនាគារពិភពលោកផ្តល់កញ្ចប់ថវិកា ១៤៥លានដុល្លារឲ្យកម្ពុជាពង្រឹងការគ្រប់គ្រងធនធានទឹក

ធនាគារពិភពលោក កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បាន​អនុម័តការ​វិនិយោគ​ថ្មី​មួយ​ទៀតក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់​គម្រោងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា ដែលគេរំពឹង​ថានឹង​ផ្តល់​អត្ថប្រយោជន៍​​ដល់​​ប្រជាជនជាង ១១៣ ០០០នាក់។ 

តាមរយៈគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា (Cambodia Water Security Improvement Project) ធនាគារពិភពលោក រំពឹងថា នឹងធ្វើឱ្យសន្តិសុខទឹកកាន់​តែ​មាន​ភាព​ប្រសើរឡើង ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅ​នឹងហានិភ័យអាកាសធាតុ។

តាមដានជាមួយយើង៖ Million Times

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅ​កម្ពុជា លើកឡើងថា៖ “គម្រោង នេះ​នឹង​ជួយប្រទេសកម្ពុជាឱ្យ​មានសន្តិសុខទឹកប្រកបដោយចីរភាព និងសម្រេច​បាន​ផលិតភាពកសិកម្មកាន់តែ​ច្រើន”។ លោក​ស្រី​បន្តថាការវិនិយោគនៅពេលនេះទៅ​លើភាពធន់ទៅ​នឹងអាកាស​ធាតុ, ការធ្វើផែនការ និងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធឱ្យ​កាន់តែប្រសើរឡើង មិនត្រឹមតែអាច​ឆ្លើយ​តប​បានភ្លាម​ៗ​​ទៅនឹងតម្រូវការទឹករបស់កសិករ និងគ្រួសារ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងធ្វើ​ជាមូលដ្ឋានគ្រឹះសម្រាប់ការផ្តល់​សេវា​ទឹករយៈពេលវែង ផងដែរ។

ធនាគារពិភពលោក បានគូសបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជាមានប្រភពទឹកច្រើនក៏ដោយ ភាពខុសគ្នានៃ​ការ​ធ្លាក់​ភ្លៀងតាមរដូវ និងតាម​តំបន់នៅក្នុង​ប្រទេស បាន​បង្កបញ្ហា​ប្រឈមជា​ច្រើន​ដល់​ការផ្គត់ផ្គង់ទឹកនៅ​ក្នុងទីក្រុង និងនៅ​តាម​ទី​ជនបទ។ ព្យាករណ៍​អាកាស​ធាតុបាន​ឱ្យ​ដឹង​ថា ទឹកជំនន់ និងភាព​គ្រោះរាំងស្ងួត នឹងមាន​កាន់តែញឹកញាប់ និងសភាព​កាន់​តែ​ធ្ងន់ធ្ងរ ដែលដាក់សម្ពាធកាន់តែ​ខ្លាំងទៅ​លើ​សមត្ថភាព​របស់​ប្រទេស​ ក្នុងការគ្រប់គ្រងធនធានទឹកសាបរបស់ខ្លួន។ បញ្ហា​នេះនឹងជះឥទ្ធិពល​ទៅលើផលិតកម្ម​ស្បៀង និងកំណើន​សេដ្ឋកិច្ច។

បើតាមធនាគារពិភពលោក គម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេលប្រាំឆ្នាំ ដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ។ គម្រោងនឹងពង្រឹងការគ្រប់គ្រងធនធានទឹក តាមរយៈការពង្រីកស្ថានីយជលសាស្ត្រ, ការ​ធ្វើបច្ចុប្បន្ន​ភាព​គោលនយោបាយ និងបទប្បញ្ញត្តិ, ការរៀបចំផែនការគ្រប់គ្រងអាងទន្លេដែលមានព័ត៌មានអំពី​អាកាសធាតុ និងការ​ពង្រឹង​ការបំពេញមុខងាររបស់អាជ្ញាធរទឹកថ្នាក់​ជាតិ​ និងថ្នាក់​ខេត្ត៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ លោក ថោ ជេដ្ឋា