សមាគមឧកញ៉ាកម្ពុជា នាំយកថវិកាជាង ១លានដុល្លារជូនកាកបាទក្រហមកម្ពុជា

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ​និងសមាជិកនាំយកថវិកាសរុបចំនួន ១.៥៥៥.៥៥៥ ដុល្លារអាម៉េរិក មកជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

ពិធីប្រគល់​និងទទួលធ្វើឡើងក្រោមវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ព្រមជាមួយគ្នានេះ សមាគមឧកញ៉ាកម្ពុជា បានប្រគល់ជូនសម្តេច ប៊ុន រ៉ានី ហ៊ុនសែន នូវ «ពានមាសឧកញ៉ា» របស់សមាគម ដែលជាពានដ៏វិចិត្រល្អឯក និងមានអត្ថន័យយ៉ាងធំធេងសម្រាប់សមាគម សក្តិសមទៅនឹងបាវចនា សីលធម៌ មនុស្សធម៌ អភិវឌ្ឍន៍ សេដ្ឋកិច្ច។

តាមដានជាមួយយើង៖ Million Times

ក្នុងឱកាសនេះ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណចំពោះការបរិច្ចាគដ៏សប្បុរសដោយស្ម័គ្រចិត្តគ្រប់ពេលវេលាពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាទាំងអស់ ចំពោះកាកបាទក្រហមកម្ពុជា និងបានផ្តល់កិត្តិយសអញ្ជើញមកប្រគល់ថវិកាដោយផ្ទាល់នាពេលនេះ។

ជាមួយគ្នានេះ សម្តេចបានវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមគំនិតបង្កើតសមាគមឧកញ៉ាកម្ពុជានេះឡើង ដោយមានលក្ខន្តិកៈ មានបទបញ្ជាផ្ទៃក្នុង និងមានឯកសណ្ឋានប្រកបដោយកិត្តិយស បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ បានសម្ពោធ និងមានព្រះរាជក្រឹត្យ ទទួលស្គាល់ជាផ្លូវការថា សមាគមឧកញ៉ាកម្ពុជា គឺជាដៃគូដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញ លើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ព្រមទាំងសកម្មភាពផ្សេងៗទៀតដើម្បីប្រយោជន៍ដល់សង្គមជាតិ។

កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តោតលើការអភិវឌ្ឍស្ថាប័នឱ្យក្លាយជាសមាគមជាតិដែលមានដំណើរការល្អ តាមគោលការណ៍អភិបាលកិច្ចល្អ ការគ្រប់គ្រងមានតម្លាភាព និងគណនេយ្យភាព, ពង្រីកសមាជិកភាព, កៀរគររកមូលនិធិ, អភិវឌ្ឍសាខា/អនុសាខាឱ្យមានរចនាសម្ព័ន្ធគ្របដណ្តប់ទូទាំងប្រទេស ដែលបច្ចុប្បន្នមានសាខា២៥ រាជធានី/ខេត្ត, មានអនុសាខានៅតាមក្រុង/ស្រុកចំនួន២០៨, មានកម្លាំងអ្នកស្ម័គ្រចិត្តជាង ២ម៉ឺននាក់ តាមសហគមន៍ និងមានយុវជនកាកបាទក្រហមកម្ពុជាជាង ៣ម៉ឺននាក់ តាមគ្រឹះស្ថានសិក្សា។

វឌ្ឍនភាព និងសមិទ្ធផលសម្រេចបានពីមួយឆ្នាំទៅមួយឆ្នាំរបស់កាកបាទក្រហមកម្ពុជា ពិតជាបានឆ្លុះបញ្ចាំងពីគុណូបការៈយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន នូវព្រះរាជកិច្ចគាំទ្រពីព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ, ពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងពីលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានរួមកម្លាំងសាមគ្គីភាព លើកកម្ពស់ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន បង្កើតបានភាពសុខសាន្ត សុខដុមរមនា និងភាពរីកចម្រើនខាងកម្រិតជីវភាពរបស់ប្រជាជនឱ្យបានល្អប្រសើរ ដូចបណ្តាប្រទេសអភិវឌ្ឍន៍នានានៅលើសកលលោក៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ កាកបាទក្រហមកម្ពុជា