បើកបរសាកល្បងទូររថភ្លើងទិញពីជប៉ុន ៥គ្រឿងទៀត មុនដាក់ដំណើរការដឹកអ្នកដំណើរឆាប់ៗនេះ  

បើកបរសាកល្បងទូររថភ្លើងទិញពីជប៉ុន ៥គ្រឿងទៀត មុនដាក់ដំណើរការដឹកអ្នកដំណើរឆាប់ៗនេះ  

ក្រុមហ៊ុន Royal Railway Cambodia(RRC) នៅថ្ងៃទី ២០ ខែមិថុនានេះ បានបន្តបើកបរតេស្ដសាកល្បង ទូររថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit) ទិញពីប្រទេសជប៉ុនចំនួន ៥គ្រឿងបន្ថែមទៀត បន្ទាប់ពីបានកែសម្រួលប្រព័ន្ធជើងក្រោម និងបច្ចេកទេសរួចរាល់។

ការតេស្តបើកបករសាកល្បងនេះ បន្ទាប់ពីទូររថភ្លើងដូចគ្នាចំនួន ៤គ្រឿងរួចមកហើយ កាលពីពេលថ្មីៗនេះ បានធ្វើតេស្តបើកបរសាកល្បងដោយជោគជ័យ ទាំងលើផ្លូវភាគខាងត្បូង និងភាគខាងជើង។ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឲ្យដឹងថា ការបើកបរសាកល្បងគឺធ្វើឡើងពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ក្នុងល្បឿនចម្លោះពី៥០ ទៅ៨០គីឡូម៉ែត្រ/ម៉ោង តាមបទដ្ឋានដែលបានកំណត់ ប្រកបដោយជោគជ័យ។

តាមដានជាមួយយើង៖ Million Times

នៅក្នុងការបើកតេស្ដសាកល្បងនេះ ក្រុមការងារក្រសួង និងក្រុមហ៊ុន Royal Railway Cambodia(RRC) បានយកចិត្តទុកដាក់ចុះពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១ ០៦៧មីលីម៉ែត្រ (ស្តង់ដារផ្លូវដែកជប៉ុន) មក ១០០០មីលីម៉ែត្រ (ស្តង់ដារផ្លូវដែកកម្ពុជា)។

បន្ថែមលើនេះ ក្រុមការងារបច្ចេកទេស​ បានពិនិត្យ និងសិក្សារួមគ្នាលើដំណើរការកង់ ប្រព័ន្ធហ្វ្រាំង ម៉ាស៊ីនត្រជាក់ ច្រកទ្វារសម្រាប់អ្នកដំណើរ ច្រកទ្វារសុវត្ថិភាព សម្ភារបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកដថា មានសុវត្ថិភាពខ្ពស់ សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឲ្យដំណើរការជាផ្លូវការ នាពេលដ៏ខ្លីខាងមុខនេះ។

បញ្ជាក់ផងដែរថា ពេលដាក់ដំណើរការជាផ្លូវការ Kiha-183 នឹងត្រូវដាក់ឲ្យរត់ដោយបែកចែកជា ២ ក្នុងនោះរួមមាន៖ ទី១. ផ្លូវរថភ្លើងភាគខាងត្បូង រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ អាចរបើកបរបានល្បឿនអតិបរមា ៨០​គីឡូ​ម៉ែត្រ/ម៉ោង និងទី ២. ផ្លូវរថភ្លើងភាគខាងជើង រាជធានីភ្នំពេញ-ក្រុងប៉ោយប៉ែត អាចរបើកបរបានល្បឿនចន្លោះពី ៣០-៥០គីឡូម៉ែត្រ/ម៉ោង៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ