ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសិង្ហបុរី រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនានេះ កម្ពុជា និងសិង្ហបុរី បង្ហាញក្តីរំពឹងខ្ពស់នឹងឈានដល់ការសម្រេចបាននូវបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ដែលប្រទេសទាំងពីរជាអ្នកផ្ដួចផ្ដើមក្នុងគោលបំណងការការពារបរិស្ថាន ជំរុញថាមពលបៃតង និងទប់ការឡើងថ្លៃអគ្គិសនី។
ក្នុងជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី កាលពីថ្ងៃអង្គារម្សិលមិញ បានពិភាក្សាអំពីយន្តការ និងក្របខណ្ឌគោលនយោបាយនានាសម្រាប់កិច្ចការពារដល់បរិស្ថាន ជាពិសេសការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបាននូវភាពធន់របស់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដោយផ្តោតលើការពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលអាចឈានដល់ការសម្រេចបាននូវបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។
កម្ពុជានិងសឹង្ហបុរី បានផ្តួចផ្តើមគំនិតឱ្យមានការបង្កើតការតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ឡើងវិញ ខណៈកាលពី២៥ឆ្នាំមុន អាស៊ានបានដាក់គោលដៅនេះ តែមិនទាន់សម្រេច។ តាមរយៈវីដេអូខ្លី ផ្សាយចេញនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា កាលពី២៥ឆ្នាំមុន អាស៊ានបានដាក់គោលដៅនេះ ហើយ ប៉ុន្តែមិនទាន់អាចមានលទ្ធភាពធ្វើគម្រោងនេះបាននៅឡើយទេ ហើយគំនិតផ្តួចផ្តើមថ្មីនេះ មិនត្រឹមតែល្អសម្រាប់បរិស្ថានប៉ុណ្ណោះទេ តែក៏ល្អសម្រាប់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បង្កើនឱកាសវិនិយោគ បង្កើតឱកាសការងារថ្មីៗជូនយុវជន យុវនារីរបស់យើងផងដែរ។
សម្រាប់គម្រោងតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាននេះដែរ លោក កែវ រតនៈ បានបង្ហើបថា កិច្ចប្រជុំស្តីពីគម្រោងបង្កើតបណ្តាញអគ្គិសនីអាស៊ាននេះ មានលក្ខណៈវិជ្ជមានដោយសារប្រទេសកម្ពុជា ឡាវ សិង្ហបុរី និងប្រទេសម៉ាឡេស៊ី បានប្តេជ្ញាជំរុញឱ្យអាស៊ាន រួបរួមគ្នាធ្វើឱ្យគោលដៅដ៏សំខាន់មួយនេះលេចចេញជារូបរាងឱ្យខានតែបាន។
ទន្ទឹមនឹងនេះលោកបានអះអាងថា នេះគឺជាឱកាសសម្រាប់កម្ពុជា ក្នុងការផលិតថាមពល ដោយផលិតខ្លះសម្រាប់ប្រើប្រាស់ក្នុងស្រុក និងបើកច្រកនាំចេញអគ្គិសនីទៅប្រទេសអាស៊ានទាំង ១០ ព្រមទាំងទាក់ទាញការវិនិយោគមកកម្ពុជា សម្រាប់រយៈពេលវែងជាដើម។
សូមជម្រាបជូនថា នៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ាន នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដូច្នេះកម្ពុជា និងសិង្ហបុរី នឹងលើកយកបញ្ហានេះ មកពិភាក្សាបន្ថែមទៀត ដើម្បីឱ្យមានការតភ្ជាប់បណ្ដាញអគ្គិសនីរវាងអាស៊ានទាំង១០តែម្តង៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី