ឆ្នាំក្រោយរដ្ឋគ្រោងចំណាយជាង ៩ពាន់លានដុល្លារ ខណៈវិស័យសង្គមកិច្ចគ្រោងចំណាយច្រើនជាងគេ

ឆ្នាំក្រោយរដ្ឋគ្រោងចំណាយជាង ៩ពាន់លានដុល្លារ ខណៈវិស័យសង្គមកិច្ចគ្រោងចំណាយច្រើនជាងគេ

រដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកា ប្រមាណជាង ៩ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៥ខាងមុខ ខណៈដែលការត្រៀមប្រមូលចំណូលចូលរដ្ឋវិញ ប្រមាណជាង ៧ពាន់លានដុល្លារ។ នេះបើយោងតាមខ្លឹមសារដកស្រង់ថវិកាឆ្នាំ ២០២៥ ផ្អែកលើក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ២០២៥-២០២៧ ដែលផ្សព្វផ្សាយកាលពីថ្ងៃទី ១០ ខែមិថុនាកន្លងទៅនេះ។

បើតាមប្រភពនេះ ក្នុងឆ្នាំ ២០២៥ រដ្ឋាភិបាលកម្ពុជា គ្រោងចំណាយចំនួន ៣៧ ៣០៥ប៊ីលានរៀល ប្រមាណជាង ៩ពាន់លានដុល្លារ។ ចំណែកឯការប្រមូលចំណូលចូលរដ្ឋវិញ គ្រោងចំនួន ៣១ ៦០២ ប៊ីលានរៀល ប្រមាណជាង ៧ពាន់លានដុល្លារ។

ចំពោះចំណូលសរុបក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករថា នឹងសម្រេចបានក្នុងទំហំប្រមាណ ១៥,១១ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលសមមូលនឹងកំណើនប្រមាណ ៧,៩ភាគរយ ធៀបនឹងចំណូលប៉ាន់ស្មានឆ្នាំ ២០២៤។ រីឯចំណាយសរុបក្នុងឆ្នាំ ២០២៥ នឹងត្រូវបានគ្រោងក្នុងទំហំ ១៧,៨៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ពោលគឺមានកំណើនប្រមាណ ៥,៦ភាគរយ ធៀបនឹងចំណាយប៉ាន់ស្មានឆ្នាំ ២០២៤។

ប្រភពដដែល បានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ រដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថ្នាក់ជាតិក្នុងវិស័យសង្គមកិច្ច មានទំហំធំជាងវិស័យផ្សេងទៀត គឺចំនួន ១០ ៨១០ប៊ីលានរៀល ប្រមាណ ២.៦ពាន់លានដុល្លារ ដែលស្មើ ៣១,០៤ភាគរយ នៃកញ្ចប់ថវិកាសរុបជាង ៩ពាន់លានដុល្លារ។

បន្ទាប់មកគឺវិស័យសេដ្ឋកិច្ច គ្រោងចំណាយចំនួន ៨០០៦ប៊ីលានរៀល ប្រមាណ ១.៩ពាន់លានដុល្លារ ដែលស្មើ ២២,៩៩ភាគរយ នៃកញ្ចប់ថវិកាត្រៀមចំណាយសរុបឆ្នាំ ២០២៥។ ចំណែកឯចំណាយច្រើនជាងគេទី ៣ គឺទៅលើវិស័យការពារជាតិ សន្ដិសុខ និងសណ្ដាប់ធ្នាប់ គឺចំនួន ៥៧០២ប៊ីលានរៀល ប្រមាណ ១.៣ពាន់លានដុល្លារ ដែលស្មើ ១៦,៣៧ភាគរយ នៃកញ្ចប់ថវិកាត្រៀមចំណាយសរុបឆ្នាំក្រោយនេះ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

តាមដានជាមួយយើង៖ Million Times