សម្រស់ផ្កាត្រសេកនិងផ្កាក្ងោកក្នុងខេត្តបីនៅកម្ពុជាកំពុងទាក់ទាញទេសចរមកលេងក្នុងរដូវវស្សា


ដើមផ្កាត្រសេកព្រមទាំងផ្កាក្ងោកជាជួរៗនៅតាមដងផ្លូវកំពុងបង្កើតនូវផ្ទាំងទស្សនីយភាពដ៏ទាក់ទាញ ផ្ការីកក្រហមឆ្អិនឆ្អៅបង្អួតសម្រស់ទាក់ភ្នែកទេសចរ។ ក្នុងរដូវវស្សា ផ្កាប្រភេទនេះកាន់តែស្អាតទ្វេដងដែលទាញបានចំណាប់អារម្មណ៍ពីភ្ញៀវទេសចរច្រើនជាងគេពិសេសនៅខេត្តកែប បាត់ដំបង និងប៉ៃលិន។

បើនិយាយពីផ្កាក្ងោកនៅខត្តកែប ទទួលបានប្រជាប្រិយភាពយូរណាស់មកហើយ ដោយគេសង្កេតឃើញដើមឈើនេះមានដុះជាជួរនៅតាមដងផ្លូវទៅឆ្នេរកែប។ ដើម្បីបង្កើនសម្រស់ទេសចរណ៍ខេត្តកែបកាន់តែលេចធ្លោ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ធ្លាប់បញ្ជាក់ថាខេត្តកែបគ្រោងនឹងចូលរួមដាំដើមក្ងោកជាង២ពាន់ដើមក្នុងឆ្នាំ២០២៤នេះ ហើយនឹងបន្តគ្រោងដាំ១ម៉ឺនដើមបន្ថែមទៀតនៅពេលខាងមុខ។

តាមដានជាមួយយើង៖ Million Times

ផ្កាក្ងោកខេត្តកែប

បើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង សម្រស់ផ្កាត្រសេកនេះវិញគេតែងប្រទះឃើញនៅតាមផ្លូវទៅប្រាសាទបាណន់។ ប្រជាជននៅតំបន់នោះបានប្រៀបធៀបសម្រស់ផ្កានេះថាស្អាតមិនចាញ់ផ្កាសាគូរ៉ានៅប្រទេសជប៉ុនឬនៅកូរ៉េនោះឡើយ។ ពេលមកដល់ទីនេះ ភ្ញៀវទេសចររមែងឈប់ដើម្បីចុះថតរូបផ្តិតយកទេសភាពលាយឡំជាមួយពណ៍ក្រហមឆើតឆាយរីកជាចង្កោមធំៗរបស់ផ្កានៅរដូវវស្សានេះ។

ផ្កាត្រសេកខេត្តបាត់ដំបង

ងាកមកចាប់អារម្មណ៍ផ្កាក្ងោកនៅខេត្តប៉ៃលិនវិញ ក៏កំពុងបង្អួតសម្រស់នាដើមខែភ្លៀងតាមដងវិថីដល់អ្នកទេសចរផងដែរ។ ភាពស្រស់បំព្រងនេះកាន់តែធ្វើឲ្យខេត្តប៉ៃលិនមានសោភណ្ឌភាពនិងស្រូបទាញភ្ញៀវជាតិអន្តរជាតិមកលេងកម្សាន្តដែលជាកត្តាចូលរួមជំរុញកំណើនសេដ្ឋកិច្ចជីវភាពប្រជាពលរដ្ឋបានផងដែរ។ ដោយមើលឃើញពីសារៈសំខាន់នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានរៀបចំដាំដើមក្ងោកជាង១ពាន់ អមតាមដងផ្លូវនានាដើមដើម្បីលើកកម្ពស់សម្រស់ខេត្តប៉ៃលិនបន្ថែមទៀត ៕

ផ្កាក្ងោកខេត្តប៉ៃលិន

អត្ថបទ៖ នារតី