ឡាវពិចារណាលើកលែងទិដ្ឋាការបន្ថែមដល់កម្ពុជា និងប្រទេសផ្សេងទៀតដើម្បីទាក់ទាញភ្ញៀវទេសចរ

រដ្ឋាភិបាលឡាវកំពុងពិចារណាលើកលែងទិដ្ឋាការសម្រាប់ប្រទេសជាច្រើនទៀតដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមដូចដែលបានស្នើឡើងដោយសមាជិករដ្ឋសភាឡាវក្នុងសម័យប្រជុំសាមញ្ញលើកទី ៧ ដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ ។

បច្ចុប្បន្ន ឡាវបានលើកលែងទិដ្ឋាការដល់ពលរដ្ឋនៃប្រទេសចំនួន ៣៦ រួចទៅហើយ ។ ទោះជាយ៉ាងណាក៏ដោយ ការលើកលែងអាចប្រែប្រួលអាស្រ័យលើថាតើអ្នកទេសចរទាំនោះកាន់លិខិតឆ្លងដែនប្រភេទណា ជាលក្ខណៈការទូត សេវាកម្មផ្សេងៗ ឬលិខិតឆ្លងដែនធម្មតា ដូចដែលបានបញ្ជាក់ដោយនាយកដ្ឋានអន្តោប្រវេសន៍នៃប្រទេសឡាវ ។

តាមដានជាមួយយើង៖ Million Times

ប្រទេសទាំងនេះរួមមាន អាស៊ែបៃហ្សង់, បង់ក្លាដែស, បេឡារុស, ប្រេស៊ីល, ព្រុយណេ, កម្ពុជា, ចិន, គុយបា, សាធារណរដ្ឋឆេក, កូរ៉េខាងជើង, អេក្វាឌ័រ, ហុងគ្រី, ឥណ្ឌា, ឥណ្ឌូណេស៊ី, ជប៉ុន, គីកៀស្ថាន, គុយវ៉ែត, លុចសំបួរ, ម៉ាឡេស៊ី, ម៉ិកស៊ិក, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, ន័រវេស, ប៉េរូ, ប៉ាគីស្ថាន, ហ្វីលីពីន, ប៉ូឡូញ, សិង្ហបុរី, កូរ៉េខាងត្បូង, រុស្ស៊ី, ស៊ែប៊ី, ស្លូវ៉ាគី, ស្វីស, ថៃ, ទីម័រខាងកើត និងវៀតណាម ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកជំនាញទេសចរណ៍ជឿជាក់ថា ការពង្រីកការលើកលែងទិដ្ឋាការទាំងនេះទៅកាន់ប្រទេសជាច្រើនទៀតអាចជំរុញឱ្យភ្ញៀវទេសចរកាន់តែច្រើនឡើងហោះមកលេងកម្សាន្តនៅក្នុងប្រទេសឡាវ ។

យោងតាមក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ ប្រទេសឡាវមានភ្ញៀវទេសចរបរទេសហោះមកចុះចត កើនឡើងដល់ ៣៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានជាង ១.១ លាននាក់ ។

ទន្ទឹមនោះ នាយកដ្ឋានទីផ្សារទេសចរណ៍របស់ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍បានគូសបញ្ជាក់ថា ចំនួនភ្ញៀវទេសចរដែលហោះមកលេងកម្សាន្តនៅឡាវច្រើនជាងគេគឺមកពីប្រទេសថៃ វៀតណាម ចិន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង រុស្ស៊ី និងអាល្លឺម៉ង់ ។

សូមជម្រាបថា វិស័យទេសចរណ៍ដែលជាឧស្សាហកម្មគ្មានផ្សែងបានចូលរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចរបស់ឡាវក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈកាល​ពី​ឆ្នាំ​មុន ប្រទេសនេះបាន​ឡើង​ទៅ​ចំណាត់​ថ្នាក់​លេខ ៩៣ ជា​ប្រទេស​ដែល​អាច​ចូល​បាន​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ ៕

បកប្រែ ៖ ទីន