រដ្ឋមន្ត្រីក្រសួងកសិកម្មណែនាំឲ្យបង្កាត់ និងពង្រីកពូជត្រីដែលជិតផុតពូជ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ដល់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ពិនិត្យលទ្ធភាពបង្កាត់ និងពង្រីកពូជត្រីដែលជិតផុតពូជដូចជា ត្រីខ្ជឹង និងត្រីគល់រាំងជាដើមដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។

ការផ្ដល់អនុសាសន៍នេះ ស្របពេលដែលលោកបានចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ស្ថិតក្នុងឃុំពាមជរ ស្រុកពាមជរ ខេត្តព្រៃវែង នៅរសៀលថ្ងៃទី ១៤ ខែមិថុនានេះ។

តាមដានជាមួយយើង៖ Million Times

ក្នុងឱកាសនោះលោកបានចុះពិនិត្យកន្លែងបង្កាត់ ភ្ញាស់កូនត្រី ការផលិតចំណី និងដំណើរការចិញ្ចឹម តាមលក្ខណៈបច្ចេកទេស។ បន្ទាប់មកលោកក៏បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់មជ្ឈមណ្ឌលពិនិត្យលទ្ធភាពបន្ថែមទៀត ក្នុងការអភិរក្សត្រីដែលជិតផុតពូជ ក៏ដូចជាការបង្កាត់ និងពង្រីកពូជ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារជាអាទិ៍ ត្រីខ្ជឹង និងត្រីគល់រាំង ដែលជានិមិត្តរូបនៃប្រទេស។

បើតាមលោក ឌិត ទីណា ការចូលរួមថែរក្សាពូជត្រីជិតផុតពូជទាំងនេះឲ្យបានល្អ មិនត្រឹមតែការពារត្រីធម្មជាតិទេ គឺនឹងជួយដល់ធម្មជាតិថែមទៀត។ ដូច្នេះការសិក្សា គឺមានសារសំខាន់ណាស់ដោយមិនត្រូវផ្តោតតែបច្ចេកទេស គឺត្រូវគិតគូរឲ្យមានលក្ខណៈសេដ្ឋកិច្ចថែមទៀត។

លោករដ្ឋមន្ដ្រីក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពន្យល់ អប់រំ និងកែប្រែឥរិយាបថអ្នកបរិភោគ ដែលនៅតែយល់ថា ត្រីចិញ្ចឹមមានគុណភាពមិនល្អ ព្រោះថា សព្វថ្ងៃនេះ ការចិញ្ចឹមត្រីធ្វើឡើងដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ធានាបាននូវសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ។

ជាមួយគ្នានោះលោកក៏បានលើកឡើងផងដែរ អំពីការចូលរួមទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទ និងការចូលរួមអភិរក្សធនធានធម្មជាតិ ដែលជាការងារចាំបាច់ ដើម្បីធានានិរន្តរភាពធនធានធម្មជាតិឲ្យមានបន្តរហូត ដូចជាការអភិរក្សផ្សោត ត្រីគល់រាំង និងត្រីរាជជាដើម ធ្វើយ៉ាងណាឲ្យពូជត្រីកម្រនេះ មានវត្តមានកាន់តែច្រើនឡើង ដូចពាក្យស្លោកដែលថា “ទីណាមានទឹក ទីនោះមានត្រី”។ 

សូមជម្រាបថា នៅក្នុងមជ្ឈមណ្ឌលមានពូជត្រីសាច់ឬត្រីសម្រាប់ផលិតកម្ម ដូចជា ត្រីប្រា ត្រីឆ្ពិន ត្រីទីឡាព្យា ត្រីរ៉ស់ ត្រីកាប ត្រីអណ្តែងទន់ អណ្តែងអាព្រិច ខ្យង កង្កែប បង្កង និងអណ្តើកដែលយកមកអភិរក្សផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងកសិកម្ម