ប្រជុំត្រៀមបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ ២

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង នៅរសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៤នេះ បានដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីត្រៀមរៀបចំ ពិធីពិនិត្យការដ្ឋានសាងសង់ប្រឡាយរំដោះទឹក និងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ ២។ នេះបើតាមការបង្ហោះ នៅលើទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

តាមដានជាមួយយើង៖ Million Times

ប្រភពដដែលនេះ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុងតាខ្មៅ និងមន្ត្រីក្រោមឱវាទពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំត្រៀមរៀបចំ ពិធីពិនិត្យការដ្ឋានសាងសង់ប្រឡាយរំដោះទឹក និងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ចំណែកកាលពីព្រឹកថ្ងៃទី ១៣ ខែមិថុនានេះដែរ អាជ្ញាធរខេត្តកណ្ដាល ដឹកនាំដោយលោក ណុប ដារ៉ា អភិបាលរងខេត្ត ក៏បានដឹកនាំមន្ត្រីរាជការសាលាខេត្ត និងកងកម្លាំងប្រដាប់អាវុធ ចុះត្រួតពិនិត្យទីតាំងស្ពានដើមលាភ និងទីតាំងបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ នៅ​ចំណុច​ប្រសព្វ​មហាវិថី​សម្តេច​តេជោ និង​ផ្លូវជាតិ​លេខ ២ ត​ភ្ជាប់​ទៅ​ផ្លូវ​​ព្រលាន​យន្តហោះ​អន្តរជាតិតេជោ ផងដែរ។

យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ថា ពិធីបើកការដ្ឋានសាងសង់ប្រឡាយរំដោះទឹក និងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះនោះ នឹងត្រូវធ្វើឡើងនៅថ្ងៃណានៅឡើយទេ។

សូមជម្រាបថា រដ្ឋាភិបាល ត្រៀមបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ៦០ម៉ែត្រ និងផ្លូវជាតិលេខ ២ ដែលជាផ្លូវយុទ្ធសាស្រ្តដ៏សំខាន់តភ្ជាប់ពីចរាចរណ៍ពីរាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង។

គម្រោងសាងសង់ស្ពានអាកាសភ្លោះចំណុចប្រសព្វរវាងផ្លូវ ៦០ម៉ែត្រ និងផ្លូវជាតិលេខ ២នេះ គឺក្រុមហ៊ុន Cambodia Airport Investment (CAIC) របស់លោក ពុង ឃាវសែ ដែលជាម្ចាស់គម្រោងអភិវឌ្ឍព្រលានយន្តហោះតេជោ ជាអ្នកចេញថវិកាសាងសង់ទាំងស្រុង៕

អត្ថបទ៖ វីរៈ រូបភាព៖ ស្នងការនគរបាលខេត្តកណ្តាល