សម្ដេច ហ៊ុន ម៉ាណែត ប្រាប់មេ ADB ពីការដាក់ចេញគំនិតផ្តួចផ្តើមថ្មីៗដើម្បីលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

សម្ដេច ហ៊ុន ម៉ាណែត ប្រាប់មេ ADB ពីការដាក់ចេញគំនិតផ្តួចផ្តើមថ្មីៗដើម្បីលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​បានបញ្ជាក់ទៅកាន់ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។ ការបញ្ជាក់បែបនេះនៅពេលដែលសម្ដេចបានអនុញ្ញាតឲ្យលោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបពិភាក្សាការងារ នារសៀលថ្ងៃទី ១២ ខែមិថុនានេះ។

ក្នុងជំនួបនេះ ប្រធានធនាគារ ADB បានបង្ហាញជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ទន្ទឹមនឹងនេះ លោកក៏បានជម្រាបពីការដាក់ឲ្យដំណើរការជាផ្លូវការ នូវស្ថានតំណាងរបស់ធនាគារ ADB ប្រចាំកម្ពុជា។ ការណ៍នេះ បង្ហាញអំពីការប្តេជ្ញាចិត្តកាន់តែរឹងមាំ ចំពោះភាពជាដៃគូដ៏រឹងមាំ រវាងធនាគារ ADB និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា។

តាមដានជាមួយយើង៖ Million Times

ជាមួយគ្នានេះ ប្រធានធនាគារ ADB ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស Country Partnership Strategy (CPS) ដោយផ្តោតលើចំណុចសំខាន់ចំនួន ៣ រួមមាន៖ ១. វិបុលភាពតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ២.ការវិនិយោគលើប្រជាជន ដោយផ្តោតលើវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និង ៣.ការគាំទ្រសម្រាប់ភពផែនដី ដោយផ្តោតសំខាន់លើវិស័យបរិស្ថាន និងអាកាសធាតុ។

ក្នុងឱកាសនៃជំនួបនោះ សម្តេច ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះការបើកដំណើរការជាផ្លូវការស្ថានតំណាងរបស់ធនាគារ ADB ប្រចាំកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។

សម្តេចបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីកែទម្រង់ជាច្រើនដើម្បីឈានទៅសម្រេច​បាននូវចក្ខុវិស័យឆ្នាំ២០៥០ តាមរយៈកំណែទម្រង់លើវិស័យអប់រំ សុខាភិបាល ការកសាងមូលធនមនុស្ស និងវិស័យសំខាន់ៗមួយចំនួនទៀត។ បន្ថែមទៀតនោះសម្តេចបានគូសបញ្ជាក់អំពីការជំរុញវិស័យឯកជន ដែលជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការដាក់ចេញនូវកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្ស ដើម្បីកសាងនូវកម្លាំងពលកម្ម ប្រកបដោយគុណភាព និងសមត្ថភាព តាមរយៈការបណ្តុះបណ្តាល និងបច្ចេកវិទ្យាទំនើបផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមព័ត៌មានសម្ដេចធិបតី