អ្នកជំនាញអន្តរជាតិផ្នែកចែកចាយរថយន្តលើទីផ្សារអាស៊ីប៉ាស៊ីហ្វិក បង្ហាញការភ្ញាក់ផ្អើលចំពោះតម្រូវការ និងទីផ្សារលក់រថយន្តថ្មីនៅកម្ពុជា មានកំណើនកើនឡើងគួរឲ្យកត់សម្គាល់ ដែលកត្តាទាំងនេះបង្ហាញឲ្យឃើញនូវការអភិវឌ្ឍរីកចម្រើន ការងើបឡើងនៃសេដ្ឋកិច្ច និងបានឆ្លុះបញ្ចាំងដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
លោក David Jeffrey នាយកប្រតិបត្តិក្រុមហ៊ុន Ford កូរ៉េខាងត្បូង និងជាអ្នកចែកចាយទីផ្សារអាស៊ីប៉ាស៊ីហ្វិក ក្នុងពិធីដាក់ឲ្យប្រើប្រាស់អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford លើកឡើងថា ចំណែកទីផ្សារលក់រថយន្តថ្មីក្នុងប្រទេសកម្ពុជា ឃើញថា មានសម្ទុះរីកចម្រើនគួរកត់សម្គាល់ ដោយមានតម្រូវការប្រើប្រាស់មិនខុសប្រទេសអភិវឌ្ឍន៍នោះឡើយ ដែលកត្តាទាំងនេះបង្ហាញឲ្យឃើញអំពីការអភិវឌ្ឍន៍រីកច្រើន និងការងើបឡើង ជាបន្តបន្ទាប់នៃសេដ្ឋកិច្ចរបស់កម្ពុជា។
ការលើកឡើងរបស់អ្នកជំនាញអន្តរជាតិរូបនេះ ស្របពេលបច្ចុប្បន្ននេះ កម្ពុជាមានទីតាំងមជ្ឈមមណ្ឌលលក់រថយន្តគ្រប់ប្រភេទជាច្រើនកន្លែងនៅតាមមហាវិថីធំៗ និងរោងចក្រដំឡើង និងផ្គុំរថយន្ត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារស្រុក ការណ៍នេះបានឆ្លុះបញ្ចាំងដល់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
គួរឲ្យកត់សម្គាល់ផងដែរថា ចំណូលបានពីការនាំចូលយានយន្ត និងគ្រឿងចក្រជាប្រភពចំណូលចម្បងរបស់រាជរដ្ឋាភិបាល។ កាលពីឆ្នាំ២០១៩ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រកចំណូលពីការនាំចូលយានយន្ត រួមចំណែក ៥៣ភាគរយ នៃចំណូលសរុបរបស់គយ, ឆ្នាំ២០២០ ចំណូលគយបានពីការនាំចូលយានយន្តធ្លាក់ចុះត្រឹម ៤២ភាគរយ ហើយមកដល់ឆ្នាំ២០២៣ ចំណូលគយបានពីការនាំចូលយានយន្ត និងគ្រឿងចក្រមានជាង ២២០លានដុល្លារ ឬស្មើនឹង ៣១.១% នៃចំណូលសរុប៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ RMA Cambodia