ការអនុវត្តវិធានការគន្លឹះកែទម្រង់រដ្ឋបាលសាធារណៈក្នុងចក្ខុវិស័យប្រែក្លាយកម្ពុជាជាសង្គមជាតិដ៏រស់រវើក

ក្នុងអាណត្តិទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ 

ក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនានេះសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជាជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព នៅក្នុង ជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System)។ 

តាមដានជាមួយយើង៖ Million Times

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) បានបង្ហាញថា ការរៀបចំ និងការដាក់ឱ្យអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ ដោយផ្តោតលើ៖ (១) ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព, (២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និង (៣) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់លើចំណុចសំខាន់ៗចំនួន៣ ទី (១) ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើ ត្រូវអនុវត្តបន្តតាមអភិក្រម «រើសឱ្យចំ ប្រើឱ្យត្រូវ រក្សាឱ្យនៅ» (២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ និងធ្វើឱ្យបានសម្រេចលើការងារនេះឱ្យបានតាមគោលដៅ គឺ ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤ នេះ និង (៣) ក្រសួងមុខងារសាធារណៈត្រូវជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មនេះឱ្យបានសមស្រប និងទាន់ពេល។

ក្នុងកិច្ចប្រជុំនោះ សម្តេចក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។ ទន្ទឹមនោះ សម្តេចបានណែនាំថា ទោះបីផែនការសកម្មភាព២០២៤-២០២៨ ត្រូវបានដាក់ឱ្យអនុវត្តក៏ពិតមែន ប៉ុន្តែសូមចាត់ទុកផែនការសកម្មភាពនេះគឺជា «ឯកសាររស់» ដែលត្រូវបន្តអនុវត្តបណ្ដើរ ដកបទពិសោធបណ្ដើរ ក្នុងស្មារតីទន់ភ្លន់ និងវៃឆ្លាត ដើម្បីកែសម្រួលទៅតាមស្ថានភាពជាក់ស្ដែង ក្នុងគោលដៅបង្កើនជាប្រចាំនូវស័ក្កិសិទ្ធិភាព និងប្រសិទ្ធភាពនៃការអនុវត្តវិធានការគន្លឹះ។

បន្ថែមទៀតនោះ សម្តេចបានបញ្ជាក់ថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាការងាររបស់ក្រសួងមុខងារសាធារណៈម្នាក់ឯងនោះទេ គឺជាការងាររបស់ក្រសួង-ស្ថាប័នទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ដូច្នេះ ការគាំទ្ររបស់ក្រសួង-ស្ថាប័ន គឺមិនគ្រប់គ្រាន់ទេ តែត្រូវការការចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងភាពជាម្ចាស់ ពោលគឺក្នុងអភិក្រមរដ្ឋាភិបាលទាំងមូល និងក្នុងស្មារតី “សម្លេងមួយ-យុទ្ធសាស្រ្តមួយ-ផែនការមួយ” ទើបអាចធានាសម្រេចជោគជ័យបាន៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី