ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្ត China Evergrande New Energy Vehicle Group នៅថ្ងៃពុធនេះបានធ្លាក់ចុះ ២៧ ភាគរយ បន្ទាប់ពីក្រុមហ៊ុនប្រឈមនឹងហានិភ័យនៃការបាត់បង់របស់ទ្រព្យសំខាន់ៗដូចជា ដីធ្លី និងសម្ភារៈផ្សេងៗជាដើម ។
ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande មួយនេះបាននិយាយកាលពីថ្ងៃអង្គារថា ស្ថាប័នរដ្ឋក្នុងតំបន់បានទាមទារសំណង ១.៩ ពាន់លានយ័ន (២៦១.៩១ លានដុល្លារ) នៅក្នុងការឧបត្ថម្ភជាសាច់ប្រាក់ទៅដល់អង្គភាពពាក់ព័ន្ធនានា ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមហ៊ុនផលិតរថយន្ត China Evergrande New Energy Vehicle Group ក៏ប្រហែលជាត្រូវផ្អាកការផលិតរថយន្តអគ្គិសនី (EV) ប្រសិនបើក្រុមហ៊ុនមិនទទួលបានហិរញ្ញប្បទានថ្មី បន្ទាប់ពីចែកចាយរថយន្តម៉ូដែល Hengchi 5 បានត្រឹមជាង ៩០០ គ្រឿងប៉ុណ្ណោះ ។
មិនត្រឹមប៉ុណ្ណឹង កាលពីឆ្នាំ ២០២៣ កន្លងទៅ ក្រុមហ៊ុនមួយនេះក៏ធ្លាប់ជំពាក់បំណុលវ័ណ្ឌ ក រហូតដល់ទៅ ៣០០ ពាន់លានដុល្លារផងដែរ ហើយថែមទាំងមានគោលបំណងកាត់បន្ថយការចំណាយតាមរយៈវិធានការដូចជា កាត់បន្ថយចំនួនបុគ្គលិក និងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងជាដើម ។
សូមជម្រាបថា ក្រុមហ៊ុនអចលនទ្រព្យចិនជាច្រើនកំពុងជួបប្រទះបញ្ហាស្រដៀងៗគ្នា ដោយសារវិស័យដែលចិនចាត់ទុកជាសសរស្តម្ភនៃសេដ្ឋកិច្ច បានប៉ះរលាកវិបត្តិពីមួយដំណាក់កាលទៅមួយដំណាក់កាល ចាប់តាំងពីឆ្នាំ ២០២១ មកម្ល៉េះ ហើយជាក់ស្ដែងក្រុមហ៊ុន China Evergrande ស្ទើរតែប្រកាសក្ស័យធុនទៅហើយ ព្រោះតែវិបត្តិសាច់ប្រាក់ ៕
បកប្រែ ៖ ទីន