រុស្សុីរំលឹកពីគុណសម្បត្តិជួយកសាងសេដ្ឋកិច្ច ខណៈបំណុលកម្ពុជាជំពាក់មិនទាន់លុបចោល

រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជំហររបស់ខ្លួនថាពិតជាចង់ដោះស្រាយឱ្យបានឆាប់នូវបំណុលដែលកម្ពុជាជំពាក់រុស្ស៊ីអំឡុងសម័យសង្គ្រាម កាលពីទស្សវត្សរ៍៨០ ខណៈរុស្សុីធ្លាប់លុបចោលបំណុលចំនួន ៧០% ក្នុងចំណោមបំណុលសរុបចំនួន ១ ៥០០លានដុល្លារ។

ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី៦ ខែមិថុនាថ្មីៗនេះនៅវិមានព្រឹទ្ធសភា  បានបញ្ជាក់ថា ទាក់ទងនឹងបញ្ហាបំណុល ការចរចាគឺមានជំហានទៅមុខជាវិជ្ជមាន។ លោកថា ក្នុងរយៈពេលកន្លងមកនេះ រុស្ស៊ីបានជួយកសាងសេដ្ឋកិច្ចនៅកម្ពុជាហើយក៏មាននូវកិច្ចសហប្រតិបត្តិការជាច្រើនទៀត។

តាមដានជាមួយយើង៖ Million Times

លោកបានរំឭកថា កម្ពុជាជាមិត្តចាស់ មិត្តគួរឱ្យទុកចិត្ត ជាដៃគូដ៏ល្អ និងខិតខំប្រឹងប្រែងពង្រឹង និងពង្រីកនូវទំនាក់ទំនងដែលមានសក្តានុពល និងជំរុញដល់កិច្ចសហការដើម្បីអភិវឌ្ឍន៍ និងដើម្បីផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ 

សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអរគុណចំពោះជំនួយសព្វបែបយ៉ាងរបស់រុស្ស៊ី ដែលបានជួយកម្ពុជានៅពេលដែលកម្ពុជាទើបរំដោះបានពីរបបខ្មែរក្រហម។ សម្តេចប្រាប់ទូតរុស្សុីថា រដ្ឋាភិបាលកម្ពុជាពិតជាចង់ដោះស្រាយបំណុលដែលកម្ពុជានៅជំពាក់រុស្ស៊ីអំឡុងសម័យសង្គ្រាមនេះ ឱ្យបានរួសរាន់។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតរុស្សុីបានគូសបញ្ជាក់ថា រុស្ស៊ីគឺជាមិត្តភក្តិយូរអង្វែង និងជានិច្ចកាលនៅជាមួយកម្ពុជានៅពេលលំបាក ហើយរុស្ស៊ីនឹងមិនជ្រៀតជ្រែកលើកិច្ចការរបស់ប្រទេសកម្ពុជានោះទេ។ 

សូមជម្រាបថា កម្ពុជាបានខ្ចីលុយរុស្ស៊ី ចំនួន ១ ៥០០លានដុល្លារអាមេរិកដើម្បីទិញអាវុធ និងដោះស្រាយបញ្ហាសេដ្ឋកិច្ចកាលពីទសវត្សរ៍៨០។ ក្រោយមកក្នុងឆ្នាំ២០០៩ រុស្ស៊ីបានសម្រេចលុបចោលបំណុល ៧០%។ ដូច្នេះបំណុលដែលកម្ពុជានៅជំពាក់រុស្ស៊ីគឺសល់ចំនួន ៣០% ឬស្មើ ៤៥០លានដុល្លារ៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ