ក្រុមការងារព័ត៌មានសម្ដេចធិបតី ចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ

ក្រុមការងារព័ត៌មានសម្ដេចធិបតី ចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីព្រឹកថ្ងៃទី ១១ ខែមិថុនានេះ បានដឹកនាំគណៈប្រតិភូក្រុមការងារព័ត៌មានរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដឹកនាំដោយលោក គួច វែងស្រ៊ុន ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹកស្ទឹងតូច និងស្ថានីយបូមទឹកសាក់សំពៅ នៃគម្រោងដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងការងារស្តារប្រឡាយព្រែកហូរ ក្នុងខេត្តកណ្តាល។

លោករដ្ឋមន្ត្រី និងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពការងារ សាងសង់សំណង់ស្ទាក់ទឹកស្ទឹងតូច ក្នុងខេត្តកំពង់ស្ពឺ ដែលមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងមានទ្វារទឹកចំនួន ៥ ទ្វារនីមួយៗមានទទឹង ៨,៥ម៉ែត្រ និងមានកម្ពស់ ៧,៥ម៉ែត្រ នៃអនុគម្រោងប្រព័ន្ធដោះទឹកស្ទឹងតូច។

តាមដានជាមួយយើង៖ Million Times

អនុគម្រោងនេះរួមមាន៖ ១.ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ទំហំមាត់លើ ១០០ម៉ែត្រគិតទាំងខ្នងទំនប់សងខាង និងបាត ៤០ម៉ែត្រ និង ២. សាងសង់សំណង់សិល្បការ្យសរុប ៦៨កន្លែង ក្នុងនោះ លូគ្រប់ប្រភេទចំនួន ៥៤កន្លែង ជួសជុលស្ពានចំនួន ១៣កន្លែង  និងសាងសង់ទ្វារទឹក ១កន្លែង។ ប្រព័ន្ធស្ទឹងតូចមានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺ បានប្រមាណ ៣០០ម៉ែត្រគូបក្នុង ១វិនាទីទៅទន្លេបាទី ធ្លាក់ទៅទន្លេបាសាក់។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៧០ភាគរយ។

លោករដ្ឋមន្ត្រី និងក្រុមការងារ ក៏បានចុះពិនិត្យការងារសាងសង់ស្ថានីយបូមទឹកសាក់សំពៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានអគារកម្ពស់ ៨ម៉ែត្រ មានទទឹងខាង ២៧ម៉ែត្រ និងបណ្តោយទាំងថ្មការពារជើងទេរមុខក្រោយ ១៥០ម៉ែត្រ មានក្បាលបូម ៦គ្រឿង អាចបូមទឹកបាន ៣០ម៉ែត្រគូបក្នុង ១វិនាទី នៃអនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក។

នៅថ្ងៃដដែលនេះ លោករដ្ឋមន្ត្រី និងក្រុមការងារ ក៏បានចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយព្រែកហូរ ប្រវែង ៧,២គីឡូម៉ែត្រ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ប្រព័ន្ធនេះ មានសក្តានុពលដោះទឹកចេញ ពីស្ទឹងព្រែកត្នោតត្រង់ចំណុចស្ពានព្រែកហូរ នៃភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅបានប្រមាណ ៥១៥ ម៉ែត្រគូបក្នុង ១វិនាទី ទៅតាមព្រែកយាយជា ២១៥ម៉ែត្រគូបក្នុង ១វិនាទី ប្រឡាយភ្ជាប់លេខ៣ប្រមាណ ២០០ម៉ែត្រគូបក្នុង ១វិនាទី និងព្រែកថី ប្រមាណ ១០០ម៉ែត្រគូបក្នុង ១វិនាទី គិតមកដល់ពេលនេះវឌ្ឍនភាពគម្រោង សម្រេចបានប្រមាណ ៩៥ភាគរយ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងធនធានទឹក