ព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាលើកទី៤ ឆ្នាំនេះនឹងមានការរៀបចំការប្រកួតលើផ្នែកបច្ចេកវិទ្យា

ព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាលើកទី៤ ឆ្នាំនេះនឹងមានការរៀបចំការប្រកួតលើផ្នែកបច្ចេកវិទ្យា

នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី ៤ នាឆ្នាំ ២០២៤នេះ នឹងមានការរៀបចំការប្រកួតលើផ្នែកបច្ចេកវិទ្យា ដែលនឹងអនុញ្ញាតឲ្យយុវជនខ្មែរ បង្ហាញសមត្ថភាពកាន់ពិភពលោក។ នេះបើតាមឲ្យដឹងពីក្រុមការងារផ្នែករៀបចំការប្រកួត ក្នុងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នៅថ្ងៃទី ១០ ខែមិថុនានេះ។

តាមដានជាមួយយើង៖ Million Times

ទំព័រហ្វេសប៊ុក Air & Tech បានឲ្យដឹងថា ពេលនេះក្រុមការងារផ្នែករៀបចំការប្រកួត ក្នុងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកាសការប្រកួតដ៏ធំខាងមុខនេះ។ ក្រុមការងារដដែលនេះ បានអំពាវនាវដល់សិស្ស-និស្សិត និងសាធារណជនទាំងអស់ ត្រៀមខ្លួនដើម្បីបង្ហាញពីភាពអស្ចារ្យ ក៏ដូចជាសមត្ថភាពយុវជនខ្មែរ ក្នុងវិស័យបច្ចេកវិទ្យាទៅកាន់ពិភពលោក។

កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៤កន្លងទៅនេះ មានការរៀបចំកិច្ចប្រជុំដំបូង នៃព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) ក្រោមវត្តមានលោក ឈី កុលបុត្រា ជាជំនួយការលោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងលោក អេង ប៊ុនថេង ជាប្រធានគ្រប់គ្រង និងប្រតិបត្តិ រួមទាំងប្រធានផ្នែកនីមួយៗ។

កិច្ចប្រជុំនេះ គឺដើម្បីបែងចែកភារកិច្ច និងទំនួលខុសត្រូវ ធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍មួយនេះ ប្រព្រឹត្តទៅដោយរលូន និងស័ក្ដិសមនឹងការទន្ទឹងរង់ចាំរបស់មហាជន ដែលតែងគាំទ្រព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា។

សូមជម្រាបថា ព្រឹត្តិការណ៍ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) បានធ្វើឡើងចំនួន ៣លើករួចមកហើយ ក្នុងឆ្នាំ ២០១៨ ឆ្នាំ ២០១៩ និងឆ្នាំ ២០២១ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន សិស្សានុសិស្ស យុវជន និងប្រជាជនកម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុក Air & Tech