ថ្នាក់ដឹកនាំកំពូលៗ សុទ្ធតែវាយតម្លៃខ្ពស់ពីបេសកកម្មដ៏សំខាន់លោក វ៉ាង វិនធៀង  ពេលកាន់ដំណែងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

លោក វ៉ាង វិនធៀង (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចប់អាណត្តិ ហើយមុនចាកចេញពីកម្ពុជាលោកបានចូលសម្ដែងការគួរសមនិងជម្រាបលាប្រធានព្រឹទ្ធសភា, រដ្ឋសភា, នាយករដ្ឋមន្រ្តី និងប្រមុខការទូតកម្ពុជា នាពេលថ្មីៗនេះ។

ក្នុងជំនួបទាំងនោះថ្នាក់ដឹកនាំកម្ពុជា សុទ្ធតែបានគូសបញ្ជាក់ពីការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងអំឡុងពេលអាណត្តិការទូតរបស់លោក Wang Wentian និងថា ទំនាក់ទំនងកម្ពុជា-ចិនបានបន្តដំណើរកម្រិតខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

តាមដានជាមួយយើង៖ Million Times

នាឱកាសជួបជាមួយឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកអគ្គរដ្ឋទូតចិន បានរម្លឹកពីដំណើរវិវឌ្ឍន៍នៃទំនាក់ទំនងចិន-កម្ពុជា បានសង្កត់ធ្ងន់ថា ភាគីចិនតែងចាត់ទុកកម្ពុជាជាភាគីអាទិភាពសម្រាប់ទំនាក់ទំនងការទូតប្រទេសជិតខាង និងរីករាយសហការជាមួយភាគីកម្ពុជា ដើម្បីអនុវត្តកុងសុងស៊ីសសំខាន់ៗដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកំណត់ជូនបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកលើផ្នែកនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែស៊ីជម្រៅ ពង្រឹងទំនាក់ទំនងមនុស្សសាស្រ្ត ជំរុញការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មីឱ្យទទួលបានសមិទ្ធផលផ្លែផ្កាកាន់តែច្រើន បន្តផ្តល់ផលប្រយោជន៍ជូនដល់ប្រទេសនិងប្រជាជនទាំងពីរ បង្កើតគំរូសម្រាប់ការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

លោក សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសំខាន់របស់ឯកអគ្គរដ្ឋទូតចិន លោក Wang Wentian ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងអំឡុងពេលអាណត្តិការទូតរបស់លោក និងថា ទំនាក់ទំនងកម្ពុជា-ចិនបានបន្តដំណើរកម្រិតខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយការកសាងសហគមន៍វាសនារួមនៃប្រទេសទាំងពីរទទួលបានសមិទ្ធផលជាប្រវត្តិសាស្រ្តយ៉ាងច្រើន ផ្លូវល្បឿនលឿនរាជធានីភ្នំពេញនិងក្រុងព្រះសីហនុ សម្រេចបាន”ក្តីស្រមៃផ្លូវល្បឿនលឿន”សម្រាប់ប្រជាជនកម្ពុជា ពហុកីឡដ្ឋានជាតិមរតកតេជោក្រោមជំនួយរបស់ចិនបានក្លាយជាទីតាំងសម្រាប់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះលើព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ភាគីចិនបានរួមសុខរួមទុក្ខជាមួយភាគីកម្ពុជាដែលបានធ្វើឱ្យចំណងមិត្តភាពនៃប្រទេសទាំងពីរត្រូវបានចាក់ឫសគល់កាន់តែជ្រាលជ្រៅ។ 

លោកគូសបញ្ជាក់ថា ការគាំទ្ររបស់ចិនមិនត្រឹមតែជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ក៏បានជួយកម្ពុជាពង្រឹងនយោបាយឯករាជ្យផងដែរ។ ទន្ទឹមនឹងនេះ ភាគីកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយរីករាយសហការជាមួយភាគីចិនក្នុងការជំរុញកសាងសហគមន៍វាសនារួមរវាងប្រទេសទាំងពីរឱ្យទទួលបានវឌ្ឍនភាពថ្មីៗឥតឈប់ឈរ ធានាបានថាចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិនត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ, សម្តេចធិបតី, រដ្ឋសភា និងក្រសួងការបរទេសកម្ពុជា