អតិផរណាឧកញ៉ានឹងផ្តល់ផលល្អដល់សេដ្ឋកិច្ចបើពួកគេរកស៊ីសុច្ចរិតនិងជួយសង្គម

កំណើនចំនួនឧកញ៉ានៅកម្ពុជាមានការឡើងជិតដល់ ២ពាន់នាក់គិតត្រឹមពាក់ឆ្នាំ២០២៤ បើតាមសៀវភៅរាជកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចេញផ្សាយ។ អតិផរណាឧកញ៉ាមួយចំនួនក៏បានផ្លាស់ប្តូរគោរមងារមកជា “លោកអ្នកឧកញ៉ា និងអ្នកឧកញ៉ា” កាន់តែមានកំណើនកើនឡើងថែមទៀត។

ទាក់ទងនឹងកំណើននេះតើឆ្លុះបញ្ចាំងយ៉ាងណាចំពោះវិស័យសេដ្ឋកិច្ចនៅកម្ពុជា?

អ្នកជំនាញផ្នែកទស្សនវិជ្ជានិងសីលធម៌សង្គមនៃរាជបណ្ឌិតសភាកម្ពុជា យល់ឃើញថា  គឺជារឿងល្អប្រសិនបើឧកញ៉ាទាំងអស់ចូលរួមចំណែកតាមរយៈការវិនិយោគ និងមុខជំនួញពហុវិស័យដែល ធ្វើឲ្យកាត់បន្ថយភាពក្រីក្របានមួយចំណែកផងដែរ។

តាមដានជាមួយយើង៖ Million Times

បណ្ឌិត ឈត ប៊ុនថន បានថ្លែងថា «គោរមងាជាឧកញ៉ា ជាអ្នកមានទ្រព្យសម្បត្តិច្រើន ដែលពួកគេភាគច្រើនជាអ្នកគ្រប់គ្រងអាជីវកម្មដូច្នេះហើយពួកគេអាចជួយបង្កើតការងារដល់ប្រជាជនក្នុងការរកចំណូលបន្ថែម។ មិនតែប៉ុណ្ណោះ សកម្មភាពនៃការចូលរួមឧបត្ថម្ភរបស់ឧកញ៉ាទាំងអស់ក៏ជួយ អភិវឌ្ឍសង្គមជាតិផងដែរ ដូចជាការចូលរួមបរិច្ចាគទឹកប្រាក់សម្រាប់កម្មវិធីសប្បុរសធម៍ ឬគ្រោះធម្មជាតិ ជាដើម។ មួយវិញទៀត ឧកញ៉ាមួយចំនួនក៏បានឧបត្ថម្ភទៅលើកម្មវិធីអភិរក្សសិល្បៈវប្បធម៌ខ្មែរដូចជា ល្ខោនស្បែកធំ ក្បាច់គុណបុរាណខ្មែរ របាំប្រពៃណីជាច្រើន ដែលទង្វើទាំងនេះជាការបង្ហាញពីការចូលរួមសង្គម និងមានប្រយោជន៍ដល់ប្រទេសជាតិ និងសេដ្ឋកិច្ចជាតិថែមទៀត»។

លោកយល់ថា កំណើននៃឧកញ៉ានៅកម្ពុជាមិនបង្កជាបញ្ហាចោទនោះទេ ប្រសិនបើឧកញ៉ាទាំងអស់ប្រកបរបរសុច្ចរិត ហើយបានរួមចំណែកជួយសង្គមសេដ្ឋកិច្ចជាតិក្នុងន័យត្រឹមត្រូវ។ បន្ថែមពីនេះ កំណើនជាបន្តបន្ទាប់នៃចំនួនឧកញ៉ានៅកម្ពុជា អាចបញ្ជាក់ពីសញ្ញាណវិជ្ជមានរបស់សេដ្ឋកិច្ចកម្ពុជាផងដែរ។

គួរកត់សម្គាល់ថា គោរមងារជាឧកញ៉ានៅកម្ពុជាមាន៣ថ្នាក់ គឺឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា។ ដើម្បីទទួលបានងារទាំងនោះ លុះត្រារូបវន្តបុគ្គលនោះបានបរិច្ចាកថវិការលើសកម្មភាពមនុស្សធម៌ជួយសង្គមចាប់ពី៥០ម៉ឺនដុល្លារឡើងទៅ ខណៈគោរមងារអ្នកឧកញ៉ា និងលោកអ្នកឧកញ៉ាមិនទាន់មានបញ្ជាក់នៅឡើយ។

លើសពីនេះដើម្បីត្រួតពិនិត្យតាមដាមសកម្មភាពវូបន្តបុគ្គលមានគោរមងារលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា សមាគមមួយត្រូវបានបង្កើតឡើងដោយប្រមូលផ្តុំបុគ្គលមានលុយគ្រាក់ៗក្នុងប្រទេសកម្ពុជា គឺសមាគមឧកញ៉ាកម្ពុជា ដែលធ្វើសកម្មភាពឃ្លាំមើលលើបុគ្គលមានគោមរងារ ហើយវាយតម្លៃស្នើសុំផ្តល់គោរមងារ និងបញ្ចប់គោរមងារ។ សមាមគមនេះដឹកនាំដោយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ស្តេចក្រាញ់ក្នុងវិស័យជំនួញលើពហុវិស័យនៅប្រទេសកម្ពុជា៕

អត្ថបទ៖ នារតី