ត្រឹមខែមិថុនានេះ លោក ពុង ឃាវសែ ចាយលុយអស់ ១,១០០លានដុល្លារលើការសាងសង់ព្រលានយន្តហោះតេជោតាខ្មៅ

អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4F តេជោតាខ្មៅថ្មីរបស់កម្ពុជានឹងលេចចេញជារូបរៀងនាពេលដ៏ខ្លីខាងមុខ ខណៈបច្ច្ុប្បន្នការងារសាងសង់សម្រេចបានប្រមាណ ៧៥.៨ភាគរយ ហើយនៅឆមាសទី១ ឆ្នាំ២០២៥ខាងមុខត្រៀមធ្វើការប្រតិបត្តិការហោះហើរ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពេលចុះពិនិត្យវឌ្ឍនភាពគម្រោងព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ កាលពីថ្ងៃទី៦ ខែមិថុនា ​លោក ឆារស៍ ​វ៉ាន់ អភិបាល​ក្រុមហ៊ុន​ CAIC បានឲ្យដឹងថា ​ដំណើរការសាងសង់ព្រលានយន្តហោះ​​សម្រេចបាន ៧៥% ​ពោលគឺស្របទៅតាម​ផែនការ នឹងគ្រោងដាក់ឱ្យដំណើរការហោះ​ហើរ​​នៅ​ដើម​ឆ្នាំ ២០២៥ ខាងមុខ។​

តាមដានជាមួយយើង៖ Million Times

បើតាម ឆារស៍ វ៉ាន់ គម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ក្រុមហ៊ុន Cambodia Airport Investment (CAIC) របស់លោក ពុង ឃាវសែ ចាយទុនអស់ ១,១០០លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅជំហានទី១ ដូចជា ស្ថានីយផ្ទុកអ្នកដំណើរ ​ផ្លូវរត់ ផ្លូវបរយន្តហោះ និងផ្លូវតាក់ស៊ីជាដើម។​

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅថ្មី បើកការដ្ឋានកាលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ គ្រោងប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៥០០ លានដុល្លារអាមេរិកដែលមានចម្ងាយ​ប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ។

ក្រុមហ៊ុន Cambodia Airport Investment គម្រោងអាកាសយានដ្ឋាននេះ គឺជាប្រភេទព្រលានយន្តហោះ 4F ដែលមានសមត្ថភាពអាចឱ្យយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបានផងដែរ៕

អត្ថបទ៖ សេដ្ឋានី