ក្រុមហ៊ុន CAIC ត្រៀមដីបម្រុងរួចរាល់ហើយសម្រាប់សាងសង់ផ្លូវរថភ្លើងធុនស្រាល-ក្រោមដីមកភ្នំពេញ

ក្រុមហ៊ុន CAIC ត្រៀមដីបម្រុងរួចរាល់ហើយសម្រាប់សាងសង់ផ្លូវរថភ្លើងធុនស្រាល-ក្រោមដីមកភ្នំពេញ

ក្រុមហ៊ុន​ Cambodia Airport Investment (CAIC) បាន​បម្រុង​ដី​សម្រាប់​​គម្រោង​សាងសង់​​ផ្លូវ​រថភ្លើង​ តភ្ជាប់​ពី​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​មក​រាជធានី​ភ្នំពេញ សម្រាប់ផែនការនាពេលអនាគត។ នេះបើតាមលោក វ៉ាន់ ឆារស៍ អភិបាល​ក្រុមហ៊ុន​ CAIC។

ថ្លែងប្រាប់​​តំណាង​​ក្រុមហ៊ុន​អាកាសចរណ៍ជាតិ​និង​អន្តរជាតិ ក្នុង​ដំណើរ​ទស្សនកិច្ចវឌ្ឍនភាពគម្រោងសាងសង់ព្រលាន​យន្តហោះអន្តរជាតិ​តេជោ​តាខ្មៅពេលថ្មីៗនេះ លោក វ៉ាន់ ឆារស៍ បានឲ្យដឹងថា ​ក្រុមហ៊ុន​បាន​បម្រុង​ដី​សម្រាប់​​គម្រោង​សាងសង់​​ផ្លូវ​រថភ្លើង​នាពេលអនាគត ដែលតភ្ជាប់​ពី​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​មក​រាជធានី​ភ្នំពេញ នៅតាម​បណ្តោយផ្លូវ​ ៦០ ម៉ែត្រ ​​។ 

លោកថ្លែងថា ដោយសារ​គម្រោង​ស្ថិត​នៅ​ក្នុង​ការ​សិក្សាជា​ផែនការ​នៅ​ថ្ងៃ​អនាគត​​ ហើយ​ដំណើរការ​នឹង​ចាប់ផ្តើម​នៅ​ពេល​ណា​អាស្រ័យលើ​រាជរដ្ឋាភិបាល​។ យ៉ាងណាលោកថា ដំណើរការ​សាងសង់​អាចចាប់ផ្តើម ក្រោយ​ពេល​ដែល​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​​​បាន​បញ្ចប់​​ និង​ដាក់​ឲ្យ​ដំណើរការ​ពេញលេញ​។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាកាលពីចុងឆ្នាំ២០២៣កន្លងទៅ បានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោង ចំនួន២គឺ ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់រាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី (នៅក្រុងតាខ្មៅ) និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ ។

បើតាមរាជរដ្ឋាភិបាល ផែនការតភ្ជាប់ផ្លូវរថភ្លើងធុនស្រាលនិងផ្លូវរថភ្លើងក្រោមដីមកកាន់រាជធានីភ្នំពេញពីព្រលានយន្តហោះតេជោតាខ្មៅដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដំណើរចេញចូលមកកាន់ទីក្រុងនិងកាត់បន្ថយចរាចរណ៍ដែលកំពុងតែមមាញឹកខ្លាំងក្នុងទីក្រុងភ្នំពេញ។

គួរឲ្យដឹងដែរថា ​ដំណើរការ​សាងសង់ព្រលាន​យន្តហោះ​តេជោតាខ្មៅ​លំដាប់ថ្នាក់ 4F សម្រេច​បាន​ជាង ៧៥%ហើយ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៤នេះ ហើយគ្រោងនឹងបញ្ចប់ការសាងសង និងចាប់ផ្តើមប្រតិបត្តិការហោះហើរនៅឆមាសទី១ ឆ្នាំ២០២៥ខាងមុខ។

អត្ថបទ៖ សេដ្ឋានី