ទូតរុស្ស៊ី៖ ក្រុមហ៊ុនរុស្ស៊ីមួយចំនួន កំពុងតែស្វែងរកដៃគូដើម្បីវិនិយោគនៅកម្ពុជា

នៅចំពោះមុខសម្ដេចប្រធានព្រឹទ្ធសភាកម្ពុជា, ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានអះអាងថា ក្រុមហ៊ុនរុស្ស៊ីមួយចំនួន កំពុងតែស្វែងរកដៃគូដើម្បីវិនិយោគនៅកម្ពុជា។ ការអះអាងនេះ គឺនៅពេលដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី ៦ ខែមិថុនានេះ។

ពាកព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានសង្កេតឃើញថា ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៊ីនៅតូចនៅឡើយ ដោយលោកបញ្ជាក់ថា ក្រុមហ៊ុនរុស្ស៊ីមួយចំនួន កំពុងតែស្វែងរកដៃគូរបស់ខ្លួន ហើយកំពុងតែធ្វើការជាមួយនឹងសភាពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីវិនិយោគនៅកម្ពុជា។ លោកទូត ក៏បានបញ្ជាក់ផងដែរថា ទាក់ទងនឹងបញ្ហាបំណុល ការចរចា គឺមានជំហានទៅមុខជាវិជ្ជមាន។  

តាមដានជាមួយយើង៖ Million Times

ពាក់ព័ន្ធវិស័យទេសចរណ៍ លោកទូតបានលើកឡើងថា ចំនួនភ្ញៀវទេសចរណ៍រុស្ស៊ីមកកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់។ លោកថា រុស្ស៊ី នឹងពិចារណាឲ្យមានជើងហោះហើរត្រង់ពីរុស្ស៊ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។  

ជាកិច្ចឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានផ្ដល់ជាអនុសាសន៍ឲ្យជំរុញនូវអ្វីដែលអាចធ្វើទៅបាន ជាពិសេសស្នើឲ្យរុស្ស៊ីយកចិត្តទុកដាក់ ក្នុងការបង្កើតជើងហោះហើរត្រង់ ពីព្រោះសម្ដេចតេជោ បានចាត់ទុកថា ដល់ពេលវេលា ដែលត្រូវជំរុញវិស័យទេសចរណ៍របស់រុស្ស៊ី មកកាន់ប្រទេសកម្ពុជាហើយ។ ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញការដោះស្រាយបំណុល ដែលរង់ចាំជាយូរមកហើយនោះ ឲ្យបានឆាប់រួសរាន់ផងដែរ៕  

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមព័ត៌មានសម្ដេចតេជោ