ផ្លូវថ្មីមួយខ្សែឆ្លងកាត់បឹងទំពន់ និងបឹងជើងឯក បញ្ចប់ការងារអ៊ុតកៅស៊ូបេតុងមីន័រទាំងស្រុងហើយ

ផ្លូវថ្មីមួយខ្សែទៀតក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុង ING City តភ្ជាប់ពីផ្លូវក្រោយផ្សារទំនើបអុីអន៣ (AEON3) ទៅកាន់ផ្លូវជើងឯកដោយកាត់បឹងទំពន់ និងបឹងជើងឯក បានបញ្ចប់ទាំងស្រុងលើការងារអ៊ុតកៅស៊ូបេតុងមីន័រ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings)។

ក្រុមហ៊ុន អាយអិនជី ហូលឌីង ដែលជាអ្នកគ្រប់គ្រងនិងអភិវឌ្ឍន៍ទីក្រុង ING City បានបន្តអ៊ុតកៅស៊ូបន្ថែមប្រវែង១៥០០ម៉ែត្រទៀត ចាប់ពីចំណុចខាងក្រោយផ្សារអុីអនមានជ័យ (AEON3) ឆ្ពោះទៅផ្លូវលេខ២១៧ (ផ្លូវជើងឯក) ដោយបច្ចុប្បន្នការងារអ៊ុតកៅស៊ូបេតុងមីន័រលើមហាវិថី ឈុន គង់ នៅប៉ែកខាងលិចសរុបប្រវែង ២០១៣ម៉ែត្រ ត្រូវបានបញ្ចប់ជាស្ថាពរ។

តាមដានជាមួយយើង៖ Million Times

ផ្លូវ១ខ្សែនេះ ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា មហាវិថី «ឈុន គង់» ស្ថិតនៅចំកណ្ដាលទទឹងនៃតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City តភ្ជាប់ពីផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់ អង្រែក្រោម ឆ្ពោះទៅកាន់ផ្លូវជើងឯក មានប្រវែង ៤,០០០ម៉ែត្រ គិតត្រឹមព្រំប្រទល់នៃតំបន់អភិវឌ្ឍន៍ និងមានលំហផ្លូវប្រវែង ៥០ម៉ែត្រ ក្នុងនោះទំហំ ៣០ម៉ែត្រ ជាតួផ្លូវសម្រាប់យានជំនិះ និងចិញ្ចើមផ្លូវទំហំ ១០ម៉ែត្រសងខាង។

ផ្លូវនេះជាផ្លូវមេទី៣ ក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុង ING City នៅក្នុងចំណោមបណ្តាញផ្លូវសរុបចំនួន ៦១ខ្សែក្នុង គម្រោង។ ផ្លូវមេទី១ គឺមហាវិថីសម្តេច ហ៊ុន សែន (៦០ម៉ែត្រ) និងផ្លូវមេទី២ គឺមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង។

នៅលើមហាវិថី «ឈុន គង់» ត្រូវស្ថាបនាស្ពានបេតុងអាម៉េ ឆ្លងកាត់ចំនួន ២កន្លែង មានបណ្ដោយប្រវែង ៤០ម៉ែត្រ ទទឹង២០,៨៦ម៉ែត្រ ដោយស្ពានទី១ កាត់ប្រឡាយរលួស ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជើងឯក ខណ្ឌដង្កោ និងស្ពាន ទី២ ឆ្លងកាត់ប្រឡាយស្ទឹងជ្រៅ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ គឺនៅប៉ែកខាងកើតនៃមហាវិថីសម្តេច ហ៊ុន សែន៕

អត្ថបទ៖ ផល កុសល រូបភាព៖ អាយអិនជី ហូលឌីង