គ្រោងបើកការដ្ឋានស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ ៧០បេ នៅឃុំកោះរះ ស្រុកល្វាឯម

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នឹងបើកការដ្ឋានស្ថាបនាឡើងវិញកំណាត់ ផ្លូវជាតិលេខ ៧០បេ ដោយចាក់កៅស៊ូ DBST ប្រវែងជិត ២គីឡូម៉ែត្រ​ នៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។

ការបើកការដ្ឋានស្ថាបនាឡើងវិញកំណាត់ ផ្លូវជាតិលេខ ៧០បេនេះ គឺបន្ទាប់ពីមានចំណារឯកភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤កន្លងទៅនេះ។  

សេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានឲ្យដឹងថា មន្ទីរ នឹងបើកការដ្ឋានស្ថាបនាឡើងវិញកំណាត់ ផ្លូវជាតិលេខ ៧០បេ ដោយចាក់កៅស៊ូ DBST ប្រវែង សរុប ១,៩៧៥ម៉ែត្រ ទទឹង ៨ម៉ែត្រ និងចិញ្ចើមកៅស៊ូ ១ជាន់ SBST ១ម៉ែត្រ សងខាង (ចន្លោះគ.ម ១១៥+១៨០ ដល់គ.ម ១១៧+១៨០)។

ក្នុងនោះ ក៏មានការស្ថាបនាលូ បណ្តោយផ្លូវសងខាងផ្លូវមុខកាត់ ៣០.៨០ ម៉ែត្រ ប្រវែង ៣,៧៥២ម៉ែត្រ និងការងារស្ថាបនាអណ្តូងលូសរសៃ ដែកចំនួន ១៣០កន្លែង។ បន្ថែមលើនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នឹងក៏រៀបខឿនបេតុងបណ្តោយសងខាងផ្លូវ ប្រវែង ៣,៨៥០ម៉ែត្រ ព្រមទាំងស្ថាបនាមុខឈ្នាងចុងទឹក (Outlet) ចំនួន ៤កន្លែង សម្រាប់លូមុខកាត់ ០.៨០ម៉ែត្រ នៅស្ថិតក្នុងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ចាប់ពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៤ខាងមុខនេះ៕

អត្ថបទ៖ វីរៈ រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល

តាមដានជាមួយយើង៖ Million Times