អាមេរិក-កម្ពុជា នឹងរៀបចំដាក់ចេញយន្តការកសាងទំនាក់ទំនង និងសហប្រតិបត្តិការរវាងគ្នា ឲ្យកាន់តែប្រសើរបន្ថែមទៀត

អាមេរិក-កម្ពុជា នឹងរៀបចំដាក់ចេញយន្តការកសាងទំនាក់ទំនង និងសហប្រតិបត្តិការរវាងគ្នា ឲ្យកាន់តែប្រសើរបន្ថែមទៀត

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក អះអាងថា ប្រទេសរបស់ខ្លួន នឹងធ្វើការងាររួមគ្នាជាមួយកម្ពុជា ដើម្បីរៀបចំដាក់ចេញយន្តការកសាងទំនាក់ទំនង និងសហប្រតិបត្តិការរវាងគ្នា ឲ្យកាន់តែប្រសើរបន្ថែមទៀត។

តាមដានជាមួយយើង៖ Million Times

ការអះអាងនេះ គ្រាដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឲ្យលោក Lloyd James Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី ៤ ខែមិថុនានេះ។

នៅក្នុងជំនួបនេះលោក Lloyd James Austin បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកលើកទី ២ នៅកម្ពុជា គឺមានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាច្រើនដែលប្រទេសទាំងពីរ អាចធ្វើការរួមគ្នា ជាពិសេសលើវិស័យការពារជាតិ​​ ដោយសហរដ្ឋអាមេរិក នឹងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងាររួមគ្នាយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរៀបចំដាក់ចេញនូវយន្តការក្នុងការកសាងទំនាក់ទំនង និងសហប្រតិបត្តិការរវាងគ្នា ឲ្យកាន់តែប្រសើរបន្ថែមទៀត។

លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានគូសបញ្ជាក់អំពីការផ្លាស់ប្ដូរនូវកិច្ចពិគ្រោះយោបល់ និងការផ្លាស់ប្ដូរទស្សនៈររវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត​ រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ហើយតាមរយៈដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីមកកម្ពុជា នាឱកាសនេះ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើវិស័យការពារជាតិ។

សម្តេចធិបតី ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការពារជាតិ នឹងផ្ដល់នូវកាលានុវត្តភាពថ្មីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ដែលរួមមាន​ ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ជាដើម។

សម្ដេចធិបតី និងលោករដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានពិភាក្សាគ្នាផងដែរអំពីយន្តការនានា សំដៅរៀបចំកិច្ចសហប្រតិបត្តិការឡើងវិញ លើវិស័យមួយចំនួន ដូចជាការផ្លាស់ប្ដូរនិស្សិតផ្នែកកងទ័ពរវាងប្រទេសទាំងពីរ និង ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-សហរដ្ឋអាមេរិក៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមព័ត៌មានសម្ដេចធិបតី