រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងជំរុញអ្នកវិនិយោគរបស់ខ្លួន មកវិនិយោគនៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត

រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងជំរុញអ្នកវិនិយោគរបស់ខ្លួន មកវិនិយោគនៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត

រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងជំរុញអ្នកវិនិយោគរបស់ខ្លួន មកវិនិយោគនៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ដើម្បីធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែល្អប្រសើរឡើង។ ការបង្ហាញបំណងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោក Lloyd James Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី ៤ ខែមិថុនានេះ។

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបនេះ លោក Lloyd James Austin បានបញ្ជាក់ថា អាមេរិកនឹងធ្វើការជាមួយសម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ បានប្រសើរឡើងវិញ។ លោកថា នេះជាឱកាសដែលប្រទេសកម្ពុជា-អាមេរិក អាចធ្វើការកែប្រែដើម្បីសម្រួលឥរិយាបថ ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឯកភាពចំពោះគោលបំណងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងការខិតខំពង្រីកនូវទំនាក់ទំនងល្អឲ្យប្រសើរឡើងវិញ ដោយកន្លងមកសម្ដេចបានចាត់ទុកថា ទំនាក់ទំនងកម្ពុជា-អាមេរិក មិនអាក្រក់ពេកនោះទេ។ សម្តេចព្រឹទ្ធសភា បានចាត់ទុកថា កន្លងមក ភាគីទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នា ឲ្យបានច្រើន។

ក្នុងជំនួបនេះដែរ លោក Lloyd James Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានបង្ហាញពីបំណងជំរុញវិស័យសេដ្ឋកិច្ច និងអ្នកវិនិយោគអាមេរិកមកកម្ពុជា ឲ្យបានច្រើនថែមទៀត។ ជាការឆ្លើយតប​​ សម្ដេចតេជោ ហ៊ុន សែន  បញ្ជាក់បន្ថែមថា ពេលដែលទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មមានការកើនឡើង នោះនឹងគាំទ្រដល់វិស័យនយោបាយអោយរឹងមាំ ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានបង្ហាញក្ដីសង្ឃឹមថា លោក Lloyd James Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងជំរុញឲ្យអ្នកវិនិយោគអាមេរិក មកកម្ពុជាច្រើនថែមទៀត៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមព័ត៌មានសម្ដេចតេជោ