អ្នកនិពន្ធ៖ លោក ហ៊ុន សែន គឺជាមេដឹកនាំដែលនិយមការអានដ៏សកម្ម មិនថាសៀវភៅ​ សារព័ត៌មាន ឬរបាយការណ៍នោះទេ

សៀវភៅ (អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី) ភាគ១ ស្តីពីដំណើរស្វែងរកសន្តិភាពរបស់សម្តេច ហ៊ុន សែន ដែលចងក្រងដោយអតីតអ្នកកាសែតមួយរូប បានបង្ហាញថា លោក ហ៊ុន សែន គឺជាមេដឹកនាំដែលនិយមការអានដ៏សកម្ម មិនថាសៀវភៅ​ សារព័ត៌មាន ឬរបាយការណ៍នោះទេ។

សៀវភៅ «អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី» ដែលជាការសរសេរចងក្រងដោយលោក ពៅ សុខ អតីតអ្នកសារព័ត៌មានជើងចាស់ និងជាអតីតទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បច្ចុប្បន្នជាទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងពីទម្រង់នៃគំរូសន្តិភាពនៅកម្ពុជា ក្នុងនោះសុទ្ធតែជាបទពិសោធសម្តេច ហ៊ុន​ សែន យកមកធ្វើជាគំរូសម្រាប់សិក្សាយ៉ាងលម្អិត និងហ្មត់ចត់ក្នុងការដឹកនាំ គ្រប់គ្រង និងចរសន្តិភាពសម្រាប់ប្រទេសកម្ពុជា។

តាមដានជាមួយយើង៖ Million Times

អ្នកនិពន្ធបានសរសេរថា «លោក ហ៊ុន សែន គឺជាមេដឹកនាំដែលនិយមការអានដ៏សកម្ម មិនថាសៀវភៅ​ សារព័ត៌មាន ឬរបាយការណ៍នោះទេ។ ការអានដោយមិននឿយណាយរបស់លោកធ្វើឲ្យលោកអាចវិច្ឆ័យស្ថានភាពនយោបាយប្រទេសជាតិ និងអន្តរជាតិទាន់ពេលវេលា និងបានត្រឹមត្រូវ។ ការវាយតម្លៃស្ថានការណ៍ ឬស្ថានភាពនីមួយៗ គឺឈរលើកត្តា​ ៣ជានិច្ច ទី១ គឺភូមិសាស្រ្ត និងប្រវត្តិសាស្រ្ត ទី២ វិចារវិទ្យា និងទី៣ ភាពឡូហ្សិក (Logic) គឺកត្តាសមហេតុផល។ រាល់អ្នករិះគន់ ឬអ្នកផ្តល់ប្រឹក្សារបស់លោក ត្រូវឈរលើកត្តាទាំង៣នេះ ទើបលោកអាចពិចារណាក្នុងការទទួលយកឬមិនទទួលយក»។

សៀវភៅ «អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី» បានបង្ហាញថា គំរូវីរភាព នៃការធ្វើនយោបាយរបស់លោក គឺព្រះរាជសកម្មភាពនៃព្រះករុណា ព្រះបាទ នរោត្តម សីហនុ អំឡុងទសវត្សរ៍ ១៩៦០ ដល់ ១៩៧០។ លោក ហ៊ុន សែន តែងបានចាត់ទុកព្រះរាជសកម្មភាពរបស់ព្រះអង្គទៅនឹងមហាវិទ្យាល័យសម្រាប់លោកសិក្សាស្វែងយល់ ក្នុងការដឹកនាំប្រទេស និងរក្សាភាពសុខដុមរមនារបស់ប្រជាជន។

គួរឲ្យកត់សម្គាល់ថា ផ្តើមចេញពីជីវិតកូនកសិករធ្វើតែស្រែចម្ការ សម្តេច ហ៊ុន សែន បានប្រែក្លាយទៅជាមេដឹកនាំកំពូលមួយនៅកម្ពុជា ដែលត្រូវរ៉ាប់រង និងទទួលខុសត្រូវខ្ពស់លើជោគវាសជាតិ និងប្រជាជន។ ក្នុងរយៈពេលប្រមាណ ៣៦ឆ្នាំ ក្នុងតំណែងជាអ្នកទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជនកម្ពុជា សម្តេចត្រូវបានគេមើលឃើញថា ជាមេដឹកនាំដ៏លេចធ្លោ មានភាពប៉ិនប្រសប់ក្នុងការដឹកនាំជាតិ។ សមិទ្ធផលធំជាច្រើនក្រោមការដឹកនាំរបស់សម្តេចក៏ត្រូវបានរំលេចឡើងជាបន្តបន្ទាប់៕

អត្ថបទ៖​ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ