ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងមកដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជារយៈពេលមួយថ្ងៃ គឺនាថ្ងៃទី៤ ខែមិថុនាស្អែកនេះ។
បើតាមរបៀបវារៈនៃដំណើរទស្សនកិច្ចក្រសួងការពារជាតិអាមេិកដែលរៀបចំដោយក្រសួងការពារជាតិ លោក LIoyd Austin នឹងចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ក្រៅពីមានជំនួបជាមួយមេដឹកនាំកំពូលកម្ពុជា រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងបន្តជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ខណៈដែលក្រសួងការពារជាតិនឹងមានពិធីបដិសណ្ឋារកិច្ច និងពិធីត្រួតពលរៀបចំដោយកងកិត្តិយសត្រែទ័ពស្វាគមន៍ដំណើររបស់លោក Lloyd Austin ទៅដល់ទីស្ដីការក្រសួងការពារជាតិផងដែរ៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ABC News