ព្រះមហាក្សត្រ យាងថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចព្រះសង្ឃរាជ ទេព វង្ស ដោយព្រះទ័យអាឡោះអាល័យ

នៅព្រឹកថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ កម្ពុជាបានរៀបចំពិធីថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ កម្ពុជា នៅព្រះមេរុ មុខវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។ 

នៅក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ព្រមទាំងមានការយាង និមន្ត និងចូលរួមដោយម្រមុខដឹកនាំកំពូលៗ ឥស្សរជន សម្តេចព្រះមហាសង្ឃរាជទាំងគណៈ, ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃតាមព្រះឋានាក្រម ព្រះថេរានុត្ថេរៈ, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់  លោកតាជី ដូនជី ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករ។ 

តាមដានជាមួយយើង៖ Million Times

ព្រះសង្ឃ មន្រ្តី ប្រជាពលរដ្ឋ និងគណៈប្រតិភូអន្តរជាតិសុទ្ធតែបង្ហាញនូវការសោកស្តាយជាពន់ពេកចំពោះការសោយទីវង្គត់របស់សម្តេចព្រះសង្ឃរាជ ទេព វង្ស ដែលព្រះអង្គជាមហាវីរៈសង្ឃដ៏ឆ្នើមក្នុងការដឹកនាំព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ហើយក៏ជាព្រះសង្ឃមួយព្រះអង្គដែលបានតស៊ូដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យកើតមានឡើងវិញមកទល់ពេលបច្ចុប្បន្នក្រោយសម័យខ្មែរក្រហម។

សូមរំឭកថា សម្ដេចព្រះសង្ឃរាជ ទេព វង្ស ជាសម្ដេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និងជាសម្ដេចព្រះចៅអធិការវត្តឧណ្ណាលោម រាជធានីភ្នំពេញ បានយាងចូលព្រះទិវង្គត់ នៅថ្ងៃចន្ទ ២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤០នាទីល្ងាច ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះរោគាពាធ នៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ AKP