អ្នកនាំពាក្យ៖ ផ្លូវត្រពាំងរពៅ-វាលរេញ រថយន្តធុនតូចធ្វើដំណើរបាន

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣(ត្រពាំងរពៅ-វាលរេញ)ត្រូវបានកៀរកិន បង្ហាប់ ស្រោចទឹក សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អនុវត្តន៍ការងារថែទាំជាប្រចាំ(ខួប)ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។

លោកបន្តថា ការធ្វើចរាចរណ៍លើកំណាត់ផ្លូវដែលមានខូចខាតនេះមានសភាពមមាញឹកជាធម្មតា(ព្រះសីហនុ-កំពត)ទាំងរថយន្តតូច រថយន្តធំ និងទោចក្រយានយន្តគ្រប់ប្រភេទក្នុងរង្វង់ថេរវេលាជាង ២០-៣០នាទីលើចម្ងាយផ្លូវជាង ២០គីឡូម៉ែត្រ។

តាមដានជាមួយយើង៖ Million Times

លោក ផន រឹម បានលើកឡើងថា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានយកចិត្តទុកដាក់ខ្ពស់ និងបានចង្អុលបង្ហាញដល់មន្ទីរសាធារណការ និងដឹងជញ្ជូនខេត្តព្រះសីហនុ បន្តជួសជុលថែទាំខួបក្នុងឆ្នាំ២០២៤នេះ មុននឹងឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។

ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់ អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលការងារជួសជុលជាប្រចាំនេះផងដែរ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ផ្តល់ឲ្យ