ព្រឹទ្ធសភាបង្កើតក្រុមចំនួន៣ ធ្វើការជាមួយព្រឹទ្ធសភា-រដ្ឋសភានៃបណ្តាប្រទេសជាមិត្តលើពិភពលោក

ព្រឹទ្ធសភាបង្កើតក្រុមចំនួន៣ ធ្វើការជាមួយព្រឹទ្ធសភា-រដ្ឋសភានៃបណ្តាប្រទេសជាមិត្តលើពិភពលោក

ព្រឹទ្ធសភាជាតិ សម្រេចបង្កើតក្រុមមិត្តភាពព្រឹទ្ធសភានៃកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភានៃបណ្តាប្រទេសជាមិត្តចំនួន ១១ប្រទេស, បង្កើតក្រុមសមាជិកព្រឹទ្ធសភាដែលទទួលបន្ទុកសហ-ប្រតិបត្តិការជាមួយអង្គការអន្តរសភា និងបង្កើតក្រុមសមាជិកព្រឹទ្ធសភា សម្រាប់ត្រៀមសហការនិងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភា

បើតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ ដឹកនាំដោយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្រេចបង្កើតក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភានៃបណ្តាប្រទេសជាមិត្តចំនួន ១១ប្រទេស រួមមាន៖ ព្រឹទ្ធសភាបារាំង, សភាប្រឹក្សានយោបាយប្រជាជនចិន, រដ្ឋសភាតួកគី, ព្រឹទ្ធសភាថៃឡង់ដ៍, រដ្ឋសភាវៀតណាម, រដ្ឋសភាឡាវ, ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៉ី, ព្រឹទ្ធសភាជប៉ុន, រដ្ឋសភាកូរ៉េ, ព្រឹទ្ធសភាប៉ាគីស្ថាន និងសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល-ប៊ែលហ្ស៊ិក។

តាមដានជាមួយយើង៖ Million Times

ក្រៅពីនេះ ព្រឹទ្ធសភា បង្កើតក្រុមសមាជិកព្រឹទ្ធសភាដែលទទួលបន្ទុកសហ-ប្រតិបត្តិការជាមួយអង្គការអន្តរសភាចំនួន៥ ដូចជា៖ សភាប្រើភាសាបារាំង APF, សហភាពអន្តរសភា IPU, វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក APPF, សភាតំបន់អាស៊ី APA និងបណ្តាញសភានៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ NAM-PN។

លើសពីនេះ ព្រឹទ្ធសភាក៏សម្រេចបង្កើតក្រុមសមាជិកព្រឹទ្ធសភាសម្រាប់ត្រៀមសហការនិងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភាចំនួន៤ រួមមាន៖ អន្តរសភាអាស៊ាន AIPA, កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម CLV, ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ASEP និងសភាអន្តរជាតិ IPTP៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ព្រឹទ្ទសភា