ក្រសួងការពារជាតិ ដាក់ចេញវិធានការដោះស្រាយបញ្ហាកម្មករអូសរទេះនាំឥវ៉ាន់គេចពន្ធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ក្រោយផ្ទុះការតវ៉ាជាអំពើហិង្សានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងការពារជាតិបានដាក់ចេញនូវវិធានការដើម្បីដោះស្រាយបញ្ហាកម្មករអូសរទេះនាំឥវ៉ាន់គេចពន្ធចូលមកកម្ពុជា។

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ លោក សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ប្រធានក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានបើកកិច្ចប្រជុំដោះស្រាយនៅអគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមដានជាមួយយើង៖ Million Times

ក្នុងកិច្ចប្រជុំនេះ លោក សៀក សុជាតិ បានដាក់ចេញនូវវិធានការដោះស្រាយបញ្ហានូវចំពោះមុខ ដោយណែនាំអាជ្ញាធរសមត្ថកិច្ចនៅច្រកទ្វារព្រំដែនត្រូវសហការ ការពារមន្ត្រីភ្នាក់ងារគយ ក្នុងការប្រមូលពន្ធជូនរដ្ឋជៀសវាងកុំឱ្យមានឥវ៉ាន់គេចពន្ធ តាមរយៈរូបភាពនៃការអូសរទេះដែលធ្វើឱ្យបាត់បង់ចំណូលថវិកាជាតិ។

លោកក៏បានណែនាំឲ្យធ្វើការទប់ស្កាត់ និងបង្ក្រាបមេឈ្មួញទុច្ចរិត និងស្រាវជ្រាវរកមេខ្យល់ ដែលនាំឥវ៉ាន់គេចពន្ធតាមរយៈកម្មករអូសរទេប្រគល់ជូនសមត្ថកិច្ចអនុវត្តច្បាប់ជាធរមាន និងចូលរួមសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរភាគីថៃទប់ស្កាត់ឈ្មួញទុច្ចិរិត មិនឱ្យមានការនាំចេញទំនិញគេចពន្ធចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមរយៈកម្មករអូសរទេះបន្តទៀត។

លើសពីនេះ ត្រូវចុះស្រង់ស្ថិតិកម្មករអូសរទេះ ដើម្បីណែនាំផ្សព្វផ្សាយ អប់រំពួកគាត់ឱ្យបញ្ឈប់ធ្វើសកម្មភាពអូសរទេះនាំឥវ៉ាន់គេចពន្ធដែលនាំឱ្យមានការរំខានដល់ភ្ញៀវទេសចរណ៍ឆ្លងកាត់តាមច្រកអន្តរជាតិ។

អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រសួងការពារជាតិ