មន្រ្តីរាជបណ្ឌិត្យសភា និងមេសហជីព គាំទ្រការកាត់ទោសលោក ជា ចាន់ ដែលផ្សំគំនិតលួចទ្រព្យរោងចក្រ

តុលាការខេត្តកំពង់ស្ពឺ បានបើកសវនាជំនុំជម្រះសំណុំរឿងព្រហ្មទណ្ឌលើលោក ជា ចាន់ ប្រធានសហជីពមូលដ្ឋានប្រចាំ​រោងចក្រ វីងស្តាស៊ូ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដែលប្តឹងដោយថៅកែរោងចក្រនេះផ្ទាល់។

ពាក់ព័ន្ធនឹងសំណុំរឿងនេះ ត្រូវបានមន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា និងមេសហជីពលើកឡើងដូចៗគ្នាថា គ្រប់បុគ្គលណាក៏ដោយ សុទ្ធតែស្ថិតនៅក្រោមបន្ទាត់ច្បាប់ហើយក្នុងករណីមេសហជីពបានប្រព្រឹត្តខុសច្បាប់ ផ្សំគំនិតលួចទ្រព្យរបស់រោងចក្រ ត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់ និងមិនត្រូវយកសិទ្ធិជាមេសហជីពប្រព្រឹត្តទង្វើដែលផ្ទុយពីច្បាប់នោះឡើយ។

លោក យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា មិនថាជាការដឹកនាំរដ្ឋ ដឹកនាំប្រទេស ឬដឹកនាំសង្គមក៏ដោយ ការអនុវត្តច្បាប់ត្រូវតែមានវិសាលភាពគ្រប់បុគ្គលទាំងអស់ដែលស្ថិតក្នុងរដ្ឋ។ ដូច្នេះ ប្រសិនបើគ្មានការអនុវត្តច្បាប់ត្រឹមត្រូវនោះទេ នឹងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សង្គម និងអនាធិបតេយ្យ។

តាមដានជាមួយយើង៖ Million Times

លោកបានអះអាងថា៖ «ករណីចាប់ខ្លួនលោក ជា ចាន់ ដែលជាប្រធាន​សហជីពប្រចាំ​រោងចក្រ វីងស្តាស៊ូ នេះគឺជាករណីព្រហ្មទណ្ឌ ដែលតុលាបានចោទប្រកាន់។ ដូច្នេះ បើទោះជាបែបណាក៏ដោយ ត្រូវតែពិនិត្យទៅលើអង្គហេតុ និងច្បាប់ជាក់ស្ដែងនៅក្នុងប្រព័ន្ធច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនគួរអាងខ្លួនជាប្រធានសហជីព ឬជាសមាជិកសហជីព ណាមួយក៏ដោយ ដើម្បីប្រព្រឹត្តទង្វើខុសច្បាប់នោះទេ»។

ដោយឡែក លោក សំ​ សឿន​ ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា​(NLC) បានគូសបញ្ជក់ថាការចាប់ខ្លួនរបស់កម្មករម្នាក់នៅខេត្តកំពង់ស្ពឺ ពីករណីលួចទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន មិនមែនជាការចាប់ខ្លួនសហជីពនោះទេ ប៉ុន្តែជាការចាប់ខ្លួនបុគ្គលដែលបានប្រព្រឹត្តនូវបទល្មើស ដែលគ្រាន់តែបុគ្គលម្នាក់នោះមានតួនាទីជាមេសហជីព តែប៉ុណ្ណោះ។

ប្រធានសហភាពពលកម្មជាតិកម្ពុជារូបនេះ បញ្ជាក់ទៀតថា៖ «ការចាប់ខ្លួននេះមិនបង្ហាញពីការរើសអើង ឬការជ្រាតជ្រែក ឬការបំភិតបំភ័យសហជីពនោះទេ។ ការចាប់ខ្លួនបុគ្គលដែលបានប្រព្រឹត្តអំពើលួចទ្រព្យសម្បត្តិអ្នកដទៃរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចមានសិទ្ធិអនុវត្តច្បាប់»។

ជាមួយគ្នានោះទាំងមន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា និងមេសហជីកព បានអំពាវនាវដល់ប្រជាពលរដ្ឋ ពលករ កម្មករ សហជីព និងអ្នកមានសិទ្ធិផ្សេងៗទៀតនៅកម្ពុជា ដែលកំពុងបំពេញការងារនៅក្នុងអាជីពផ្សេងៗ ត្រូវតែគោរពច្បាប់ឲ្យបានគ្រប់គ្នា ដើម្បីធានាបាននូវវឌ្ឍនភាពសង្គម ធានានូវផលចំណេញទាំងសងខាងទាំង ទាំងអ្នកវិនិយោគ និងកម្មករ និងស្ថិរភាពសង្គម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជា ចាន់ ប្រធានសហជីពមូលដ្ឋានប្រចាំ​រោងចក្រ វីងស្តាស៊ូ ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទសមគំនិតក្នុងអំពើលួច៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម