លោក ហែម វណ្ណឌី៖ ស្ថាប័នហិរញ្ញវត្ថុកំពុងរង់ចាំសំណើរប្រតិបត្តិករទឹកស្អាតដើម្បីផ្តល់ប្រាក់កម្ចី

រាជរដ្ឋាភិបាលបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ប្រតិបត្តិករទឹកស្អាតឯកជនទាំងមូលដែលរួម​ចំណែក​ដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដោយបាន​សង្កត់​ធ្ងន់​លើ​ភាពចាំបាច់​នៃ​ការ​ធ្វើ​ផែនការ​ និង​កិច្ច​សហការ​ល្អ​ប្រសើរ ជាពិសេស​ក្នុង​ពេល​មាន​វិបត្តិដូច​កាល​រដូវប្រាំង​កន្លង​មក​។

ក្នុងពេលជួបគណៈប្រតិភូមកពី​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាតកម្ពុជា កាលពីថ្ងៃទី២៩ ខែឧសភា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ស្ថាប័នហិរញ្ញវត្ថុមួយចំនួនកំពុងផ្តល់អាទិភាព​ដល់​គម្រោង​ទឹកស្អាត ហើយពួកគេស្វាគមន៍សំណើឥណទានពីប្រតិបត្តិករ។ ការណ៍នេះលោកបានណែនាំឱ្យប្រតិបត្តិករទឹកស្អាតឯកជនទាំងអស់ អនុវត្តអាជីវកម្មក្នុងប្រព័ន្ធផ្លូវការ និងបង្កើនតម្លាភាព ដើម្បី​សម្រួល​ដល់ការទទួលបានហិរញ្ញវត្ថុ។

តាមដានជាមួយយើង៖ Million Times

លោកបានបន្ថែមថា ក្រសួងកំពុងតស៊ូមតិឱ្យមានការចែករំលែកទិន្នន័យ ដើម្បីធ្វើផែនការឱ្យបានកាន់តែប្រសើរ និងគិតគូរបញ្ចូលចំណាយជួសជុលបណ្តាញចែកចាយទឹកស្អាតទៅក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នានេះ លោកបានសម្តែងការគាំទ្រចំពោះការរៀបចំ​ពិព័រណ៍​ទឹកស្អាតនាពេលខាងមុខ ហើយបានជំរុញឱ្យសមាគមប្រមូលរាល់បញ្ហាប្រឈម រួមទាំងបញ្ហាប្រភពទឹក និងឧបសគ្គក្នុងកិច្ចប្រតិបត្តិការ ដើម្បីក្រសួងរៀបចំសម្របសម្រួលស្វែងរកដំណោះស្រាយជាមួយក្រសួង​ស្ថាប័នពាក់ព័ន្ធ។

គួរកត់សម្គាល់ថា នាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញសេចក្តីជូនដំណឹងពីការចុះវាយតម្លៃប្រតិបត្តិករទឹកស្អាតនៅទូទាំងប្រទេស ដើម្បីស្វែងយល់កាន់តែច្បាស់​អំពីតម្រូវការរបស់ពួកគេ និងរៀបចំអន្តរាគមន៍ឱ្យចំគោលដៅ។

ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងពិចារណាធ្វើការកែសម្រួលជាយុទ្ធសាស្រ្តមួយចំនួន ដូចជាការរៀបចំគំរូអាជីវកម្មថ្មី ដែលប្រតិបត្តិករឯកជនផ្តោតការវិនិយោគលើការកសាងបណ្តាញចែកចាយ ជាជាងការបង្កើតប្រភពទឹក និងការសាងសង់រោងចក្រប្រព្រឹត្តិកម្ម, លទ្ធភាពកែសម្រួលតម្លៃទឹកស្អាតសម្រាប់វិស័យអាជីវកម្ម និង​ឧស្សា​ហកម្ម, និងការលើកទឹកចិត្តប្រតិបត្តិករតូចៗឱ្យរួមបញ្ចូលគ្នាដើម្បីបង្កើនប្រសិទ្ធភាពជាដើម៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងឧស្សាហកម្ម