ក្រុមហ៊ុនចិនមួយ បង្ហាញបំណងស្វែងរកឱកាសវិនិយោគ លើការបង្កើតសួនឧស្សាហកម្មនៅកម្ពុជា។ ការបង្ហាញបំណងនេះ គឺក្នុងជំនួបរវាងលោក ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុន Guangxi Beibu Gulf Investment Group នៃខេត្តក្វាងស៊ី ប្រទេសចិន កាលពីរសៀលថ្ងៃទី ៣០ ខែឧសភានេះ។
នៅក្នុងជំនួបនេះ គណៈប្រតិភូក្រុមហ៊ុន Guangxi Beibu Gulf Investment Group បានបង្ហាញអំពីគោលបំណង ស្វែងរកឱកាសវិនិយោគលើការបង្កើតសួនឧស្សាហកម្ម ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគក្នុងវិស័យដែលមានសក្តានុពលសំខាន់ៗ ក៏ដូចជាការធ្វើឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិន នាពេលអនាគត។
ជាការឆ្លើយតបលោក ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអរគុណចំពោះគណៈប្រតិភូក្រុមហ៊ុន Guangxi Beibu Gulf Investment Group ចំពោះការជ្រើសរើសកម្ពុជា ជាទិសដៅក្នុងការបំពេញទស្សនកិច្ចស្វែងរកឱកាសវិនិយោគ និងបានបង្ហាញនូវស្មារតីស្វាគមន៍ជានិច្ច សម្រាប់រាល់កិច្ចសហប្រតិបត្តិការនានា នាពេលខាងមុខ។
លោកក៏បានបញ្ជាក់ជូនគណៈប្រតិភូក្រុមហ៊ុន Guangxi Beibu Gulf Investment Group អំពីរបបនៃការលើកទឹកចិត្តប្រកបដោយភាពអំណោយផល និងអនុគ្រោះបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ចំពោះសកម្មភាពវិនិយោគ និងវិស័យដែលមានសក្តានុពលសំខាន់ៗ ដូចបានកំណត់ក្នុងច្បាប់ ស្តីពី វិនិយោគកម្ពុជា៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា