ប្រឡាយ ៩៨ និងប្រឡាយមេព្រៃទន្លេ នឹងអាចភ្ជាប់ដល់សមុទ្រខេត្តកែប បើស្តារឲ្យជ្រៅបន្ថែមទៀត

ប្រឡាយ ៩៨ និងប្រឡាយមេព្រៃទន្លេ នឹងអាចភ្ជាប់ដល់សមុទ្រខេត្តកែប បើស្តារឲ្យជ្រៅបន្ថែមទៀត

ប្រឡាយ ៩៨ នៅខេត្តខេត្តតាកែវ និងប្រព័ន្ធប្រឡាយមេព្រៃទន្លេ នៅខេត្តកំពត នឹងអាចភ្ជាប់ទៅដល់សមុទ្រក្នុងខេត្តកែប ប្រសិនបើស្តារប្រឡាយទាំងពីរនេះ  ឲ្យជ្រៅបន្ថែមទៀត។ នេះបើតាមការឲ្យដឹងពីលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។

តាមដានជាមួយយើង៖ Million Times

លោក ថោ ជេដ្ឋា បានសរសេរនៅលើហ្វេសប៊ុកថា ប្រឡាយ៩៨ មានប្រវែង ៤៦គីឡូម៉ែត្រ បានទទួលប្រភពទឹកពីស្ទឹងតាកែវ ហើយត្រូវបានជួសជុល និងស្តារឡើងវិញក្នុងឆ្នាំ ១៩៩៦ ដោយកម្មវិធីប្រាសាក់ ២។ ប្រព័ន្ធប្រឡាយ ៩៨ មានប្រឡាយរងចំនួន ៣០ខ្សែ ប្រវែង ១៣០គីឡូម៉ែត្រ ហើយប្រព័ន្ធនេះគ្របដណ្តប់លើភូមិចំនួន ៤៩ នៃឃុំចំនួន ១២ ក្នុងស្រុកចំនួន ៣ នៃខេត្តតាកែវ រួមមាន ស្រុកបុរីជលសារ ស្រុកកោះអណ្តែត និងស្រុកគិរីវង់។

ម្យ៉ាងទៀត ប្រឡាយនេះ មានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលសរុប ១៥ ០០០ហិកតា ដោយប្រជាកសិករ អាចបង្កបង្កើនផលបាន ៣ដងក្នុង ១ឆ្នាំ។ បច្ចុប្បន្នប្រឡាយ ៩៨នេះ មាននាទីជាផ្លូវទឹកដឹកទំនិញ ទៅមកជាមួយប្រទេសវៀតណាម និងមានកំពង់ផែដឹកទំនិញរបស់ក្រុមហ៊ុន ជីបម៉ុង កំពង់ដំណើរការដឹកគ្រឿងសំណង់ មកពីប្រទេសវៀតណាម។

ចំណែកឯប្រព័ន្ធប្រឡាយមេ ព្រៃទន្លេ(តន់ហន់) ស្ថិតនៅក្នុងឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ដោយប្រឡាយនេះ គឺតភ្ជាប់ពីប្រឡាយ ៩៨ខាងលើ។ ប្រព័ន្ធប្រឡាយមេព្រៃទន្លេ មានលក្ខណៈជាប្រព័ន្ធធារាសាស្ត្រការពារទឹកប្រៃ ដែលមានទំនប់ប្រវែង ១០៤៨ម៉ែត្រ ប្រឡាយមេ ១ខ្សែ ប្រវែង ១២៣៦៣ម៉ែត្រ និងប្រឡាយរងចំនួន ២ខ្សែ ប្រវែង ២១២៥ម៉ែត្រ។

ប្រព័ន្ធប្រឡាយនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១០ ០០០ហិកតា និងរដូវប្រាំង ៤ ៥០០ហិកតា។ លោក ថោ ជេដ្ឋា បានបញ្ជាក់ថា «ប្រឡាយទាំងពីរខ្សែខាងលើនេះ អាចភ្ជាប់ទៅដល់សមុទ្រក្នុងខេត្តកែបផងដែរ ប្រសិនបើយើងធ្វើការស្តារប្រឡាយឲ្យជ្រៅបន្ថែមទៀត ជាពិសេសត្រង់ចំណុចមួយចំនួន ដែលមានស្ថានដីខ្ពស់»៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកលោក ថោ ជេដ្ឋា