IMF ចេញការព្យាករណ៍ថ្មីថា ចិននឹងមានកំណើនសេដ្ឋកិច្ចដល់ ៥ ភាគរយក្នុងឆ្នាំនេះ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញការព្យាករណ៍ថ្មីពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនថានឹងកើនឡើងជាមធ្យម ៥ ភាគរយក្នុងឆ្នាំ ២០២៤ និង ៤.៥ ភាគរយសម្រាប់ឆ្នាំ ២០២៥ ខណៈការព្យាករណ៍កាលពីខែមេសាកន្លងទៅមានត្រឹម ៤.៦ ភាគរយប៉ុណ្ណោះសម្រាប់ឆ្នាំនេះ ។

IMF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកែប្រែការព្យាករណ៍នេះគឺធ្វើឡើងតាមការប៉ាន់ប្រមាណចំពោះកំណើនដែលជំរុញដោយទិន្នន័យផលិតផលក្នុងស្រុកសរុប (GDP) ដ៏រឹងមាំនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ បូករួមនឹងវិធានការគោលនយោបាយថ្មីៗរបស់ចិន ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ។

IMF បាននិយាយទៀតថា អាទិភាពបន្ទាន់របស់ចិនគឺត្រូវអនុម័តកញ្ចប់គោលនយោបាយដ៏ទូលំទូលាយមួយ ដើម្បីជួយសម្រួលដល់ការកែសម្រួលវិស័យអចលនទ្រព្យ និងផ្តល់ការគាំទ្រម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រាន់ ដើម្បីជំរុញតម្រូវការក្នុងស្រុក ។

យោងតាមស្ថាប័នហិរញ្ញវត្ថុមួយនេះបានឱ្យដឹងថា “អាទិភាពសំខាន់ៗរួមមានការធ្វើឱ្យមានតុល្យភាពសេដ្ឋកិច្ចឡើងវិញឆ្ពោះទៅរកការប្រើប្រាស់ដោយការពង្រឹងបណ្តាញសុវត្ថិភាពសង្គម សេរីភាវូបនីយកម្មនៃវិស័យសេវាកម្ម និងការធ្វើគោលនយោបាយផ្នែកផ្គត់ផ្គង់ដែលប៉ះពាល់ដល់ការគាំទ្រលើវិស័យផលិតកម្ម” ។

ចំណែកនៅឆ្នាំ ២០២៩ ឯណោះវិញ IMF បានចេញការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចប្រទេសចិនអាចនឹងថយចុះមកវិញនៅត្រឹម ៣.៣ ភាគរយ ហើយចំពោះមូលហេតុនៃការថយចុះនេះគឺដោយសារតែភាពចាស់ជរា និងកំណើនផលិតភាពយឺត ៕

តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន