លឿនជាងផែនការ! ការងារស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ តម្លៃ ៦០លានដុល្លារ

គម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ដែលមានប្រវែងសរុប ៥៤គីឡូម៉ែត្រ តម្លៃប្រមាណ ៦០លានដុល្លារអាមេរិក សម្រេចការងារសាងសង់បាន ៨៧,១៩% លឿនជាងផែនការកំណត់។

លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ គម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបាន ៨៧,១៩% ហើយបើគ្មានការប្រែប្រួលទេ គម្រោងនេះអាចនឹងបញ្ចប់ការសាងសង់រួចរាល់មុនកិច្ចសន្យាមួយឆ្នាំ ដោយធានាបាននូវកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។

តាមដានជាមួយយើង៖ Million Times

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ៣១ ដែលមានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ទៅ ផ្លូវជាតិលេខ៣៣) កំពុងដំណើរការស្តារ និងលើកកម្រិតគុណភាព បន្ទាប់ពីបើកការដ្ឋានកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ និងគ្រោងបញ្ចប់ការអ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ គ្រោងបញ្ចប់ ១០០% នាពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។

ផ្លូវនេះត្រូវស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មីចំនួន ១កន្លែង ទទឹង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៤៤កន្លែងផងដែរ។ 

សូមជម្រាបថា ផ្លូវជាតិលេខ៣១នេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន គ្រោងចំណាយថវិកាប្រមាណជាង ៦០លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងសាធារណការ