ចាប់ពីថ្ងៃទី១មិថុនាតទៅម្ចាស់យានយន្តគ្រប់ប្រភេទត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ចូនឆ្នាំ២០២៤

អគ្គនាយកដ្ឋានពន្ធដារ បានប្រាប់ដល់ម្ចាស់យានយន្តទាំងអស់សូមរួសរាន់ទៅប្រកាសបង់ពន្ធសម្រាប់ឆ្នាំ២០២៤តាមទីកន្លែងដែលបានកំណត់ ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ០១ មិថុនា រហូតដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ។

ម្ចាស់យានយន្តអាចធ្វើការបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ , សាខាពន្ធដារខេត្ត-ខណ្ឌ , ធនាគាជាដៃគូរ ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក៏អាចបង់តាមរយៈកម្មវិធី “GDT Taxpaper App” ដែលអាចទាញចេញពី App Store ឬ PlayStore(ចំពោះយានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក)។

ចំពោះយានយន្តថ្មីត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ០២សន្លឹក តាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន៖
-បណ្ណសម្គាល់យានយន្ត
-អត្តសញ្ញាណបណ្ណផ្ទាល់របស់កម្មសិទ្ធិករ
-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះរថយន្តដឹកទំនិញនិងរថយន្តដឹកអ្នកដំណើរ។

ចំពោះយានយន្តដែលធ្លាប់ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ទាំងមានបណ្ណសម្គាល់ការបង់ពន្ធ (កាត) និងពុំមានបណ្ណសម្គាល់ការបង់ពន្ធត្រូវបានអនុញ្ញាតឲ្យម្ចាស់យានយន្តបង់ពន្ធនេះ ដោយពុំតម្រូវឲ្យបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននោះទេ។ ដោយគ្រាន់តែបង្ហាញឬភ្ជាប់មកនូវឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តណាមួយ ដូចជា បណ្ណសម្គាល់យានយន្តឬបង្កាន់ដៃទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬលតាបត្របង់ពន្ធឆ្នាំចាស់ សម្រាប់ឲ្យមន្រ្តីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងពិន័យតាមច្បាប់សារពើពន្ធជាធរមាន៕

អត្ថបទ៖ នារតី