គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីចាក់អង្រែក្រោមទៅព្រែកប្រា សម្រេចបានជាង ១០ភាគរយហើយ បន្ទាប់ពីបើកការដ្ឋានសាងសង់់កាលពីខែកុម្ភៈ កន្លងទៅនេះ។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រសួង បានឲ្យដឹងបន្តថា គិតត្រឹមថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ១០,៥០ភាគរយ ដោយលើសផែនការ ១,០៣ភាគរយ។
ប្រភពដដែល បានឲ្យដឹងបន្តថា បច្ចុប្បន្ននេះសសរគ្រឹះចំនួន ២៤ដើម បានចាក់បេតុងរួចរាល់ ១០០ភាគរយ និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។
គម្រោងសាងសង់ស្ពានឆ្លងកាត់ ពីចាក់អង្រែក្រោមទៅព្រែកប្រា តម្លៃ ៦០លានដុល្លារ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤កន្លងទៅនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេនេះ មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ