រថយន្តទំនើបនិងម៉ូតូធំ ៦០០គ្រឿងចូលរួមប្រកួតបង្ហាញនូវកញ្ចប់ផលិតផលទេសចរថ្មី

រថយន្តទំនើបនិងម៉ូតូធំ ៦០០គ្រឿងចូលរួមប្រកួតបង្ហាញនូវកញ្ចប់ផលិតផលទេសចរថ្មី

ព្រឹត្តិការណ៍ប្រណាំងរថយន្ត និងម៉ូតូរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ជំនួបយានយន្ត ជំរុញទេសចរណ៍» នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់មានរថយន្ត និងម៉ូតូចំនួន៦០០គ្រឿងចូលរួមដោយបានបង្កើតនូវកញ្ចប់ផលិតផលទេសចរណ៍ថ្មីសម្រាប់ទាក់ទាញទាំងទេសចរបរទេស និងទេសចរក្នុងស្រុក។

លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា គ្រប់អាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យដ៏សំខាន់នៅក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយបានបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗជាច្រើន ជាក់ស្តែងព្រឹត្តិការណ៍នៃជំនួបម៉ូតូ និងយានយន្តនេះ បានបង្ហាញអំពីការបង្កើតនូវកញ្ចប់ផលិតផលទេសចរណ៍ថ្មីសម្រាប់ទាក់ទាញទាំងទេសចរបរទេស និងទេសចរក្នុងស្រុក ស្របតាមយុទ្ធសាស្រ្ត “បង្កើន៥ អភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ និងយុទ្ធនាការផ្សព្វផ្សាយ “ឆ្នាំទស្សនាសៀមរាប ២០២៤”។

តាមដានជាមួយយើង៖ Million Times

លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ជំនួបយានយន្តនេះនឹងជួយជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ហើយក៏ជាឱកាសដ៏ល្អដើម្បីជួយបង្កើននូវការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប នៅក្នុងដំណាក់កាលនៃការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ-១៩។

ចំណែកលោក ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា ក៏បានបញ្ជាក់ដដែរថា ក្រៅពីជួយទាក់ទាញទេសចរ ការរៀបចំព្រឹត្តការណ៍នេះ ក៏មានគោលបំណងចង់ឱ្យអ្នកដែលស្រឡាញ់យានយន្តប្រឹងប្រែងហ្វឹកហ្វឺនខ្លួនឱ្យទៅជាកីឡាករក្នុងទីលាន ជាជាងការលេងនៅលើដងផ្លូវសាធារណៈដែលនាំមកនូវភាពរំខាន និងគ្រោះថ្នាក់ដល់អ្នកដទៃ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត និងម៉ូតូ ទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសាធារណៈជនទូទៅជាច្រើន ដោយមានការចុះឈ្មោះចូលរួមប្រកួតម៉ូតូធំប្រមាណ ៥០០គ្រឿង និងរថយន្តប្រណាំងប្រមាណ ១០០គ្រឿង និងមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករសរុបរយៈពេល ៣ថ្ងៃមានចំនួនប្រមាណ ៦៥,០០០នាក់ ក្រៅពីការប្រណាំងរថយន្ត និងម៉ូតូ ក៏មានការតាំងពិព័រណ៍រថយន្ត ការប្រគុំតន្ត្រី ស្តង់ពិព័រណ៍ម្ហូបអាហារ និងកម្មវិធីផ្សេងៗទៀតជាច្រើនផងដែរ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងទេសចរណ៍